ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រឈមវិបត្តិស្បៀងអាហារ តម្លៃកាហ្វេមួយកញ្ចប់១០០ដុល្លារ

ចែករំលែក៖

តម្លៃកាហ្វេមួយកញ្ចប់នៅក្នុងទឹកដីកូរ៉េខាងជើងគឺដល់ទៅ១០០ដុល្លារអាមេរិក ហើយនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ នៃដំណាក់កាលវិបត្តិកង្វះស្បៀងអាហារ។ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានលើកឡើងថា ស្ថានភាពកង្វះស្បៀងអាហារនៅក្នុងប្រទេសនេះ នឹងកាន់តែអាក្រក់ ហើយស្នើដល់ពលរដ្ឋត្រូវតែត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាកក្រក់បំផុតមិនធ្លាប់មានពីមុនមក។

សារព័ត៌មាន AFPបានដកស្រង់របាយការណ៍របស់អង្គការស្បៀងអាហារនិងកសិកម្មអន្តរជាតិ FAO ដែលបានបញ្ជាក់ថា ទិន្នផលកសិកម្មរបស់ប្រទេសកូរ៉េខាងជើងស្ថិតនៅក្នុងកម្រិតជិតមធ្យម គឺមានតែ ៥,៦លានតោនប៉ុណ្ណោះក្នុងឆ្នាំនេះ គឺខ្វះប្រមាណ ១,១ លានតោនទៀតទើបអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់ពលរដ្ឋ ។
ចំពោះការនាំចូលវិញមានប្រមាណតែ២០៥ពាន់តោនប៉ុណ្ណោះ គឺប្រឈមនឹងកង្វះរហូតដល់ទៅប្រមាណ ៨៦០ពាន់តោនទៀតទើបគ្រប់គ្រាន់ចែកចាយជូនពលរដ្ឋ។ តាមរបាយការណ៍របស់ FAO «ប្រសិនបើកង្វះស្បៀងអាហារទាំងនោះមិនត្រូវបានបំពេញតាមរយៈការនាំចូលក្នុងវិស័យពាណិជ្ជកម្មនោះទេ ឬក៏ជំនួយស្បៀងអាហារ គ្រួសារជាច្រើននឹងត្រូវឆ្លងកាត់ដំណាក់កាលខ្វះស្បៀងអាហារធ្ងន់បំផុត ចាប់ពីខែសីហាដល់ខែតុលា ឆ្នាំ២០២១។
នៅខែមិថុនាកន្លងមកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងពីស្ថានភាពទុក្ខលំបាកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលោកលើកឡើងពីស្ថានភាពខ្វះស្បៀងអាហារកាន់តែខ្លាំង។ លោកបានស្នើដល់ពលរដ្ឋត្រៀមលក្ខណៈស្មារតី ឆ្លងផុតដំណាក់កាលដ៏អាក្រក់នេះ។
កូរ៉េខាងជើង ធ្លាប់ឆ្លងកាត់គ្រោះទុរភិក្សនៅទូទាំងប្រទេសក្នុងទសវត្សឆ្នាំ ១៩៩០ ដោយបានសម្លាប់មនុស្សរាប់សែននាក់ ក្រោយរបបសហភាពសូវៀតដួលរលំហើយមិនមានការផ្តល់ជំនួយសំខាន់ដល់ប្រទេសនេះ ក៏ដូចជាការធ្វើពាណិជ្ជកម្ម។
កត្តាដែលនាំឲ្យមានគ្រោះអត់ឃ្លាននៅកូរ៉េខាងជើង គឺចាប់តាំងពីឆ្នាំ ២០២០ ដែលពិភពលោកប្រឈមនឹងគ្រោះអាសន្នដោយការឆ្លងរាលដាលកូវីដ-១៩ និងគ្រោះធម្មជាតិ គួបផ្សំផលដំណាំនៅក្នុងប្រទេសកូរ៉េខាងជើងមិនបានផលខ្ពស់ ហើយរងការបំផ្លាញដោយគ្រោះទឹកជំនន់ទៀត …ធ្វើឲ្យប្រទេសនេះប្រឈមវិបត្តិស្បៀងអាហារយ៉ាងខ្លាំង៕ដោយ៖ ធីរីណា

រូបភាព៖ AFP


ចែករំលែក៖