ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបំបែកសំណុំរឿង ករណីបាត់ខ្លួនបុរសម្នាក់ ជាប្រធានក្រុមតន្ត្រីសម័យបានហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ នៃការបាត់ខ្លួនអស់រយៈពេលជាង១០ថ្ងៃ។ ប៉ុន្តែករណីនេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់នៅឡើយនោះទេ។
គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថា ជាប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន អាយុជាង៥០ឆ្នាំ មានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលបានបាត់ខ្លួន កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខណៈដែលជនរង គ្រោះជិះរថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 2A. 2626 មកកាន់ខេត្តកំពង់ឆ្នាំង ហើយក៏បាត់ខ្លួនរហូតមក។
ក្រោយការបាត់ខ្លួនលោក ចាន់ គៀន ត្រូវបានក្រុមគ្រួសារ និង សមាជិកក្រុមតន្ត្រីសម័យ បានប្ដឹង និង រាយការណ៍ជូនសមត្ថកិច្ចដើម្បីឲ្យស្វះស្វែងជួយស្រាវជ្រាវរកជនរងគ្រោះភ្លាមៗផងដែរ ។ ក្រោមកិច្ចប្រឹងប្រែង របស់សមត្ថកិច្ចនគរបាលខេត្ត តាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចជំនាញបានរកឃើញរថយន្តរបស់ជនរងគ្រោះ នៅរាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី៨ ខែកក្កដា នេះសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនិងកសាងសំណុំរឿង។ ប៉ុន្តនៅមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យនោះនៅឡើយទេ។
តាមប្រភពពីសមត្ថកិច្ច ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្នុងពេលប្រតិបត្តិការស្រាវជ្រាវសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាអ្នកទិញរថយន្តពីជនសង្ស័យ ដែលបានប្រាប់ថា ជារថយន្តអត់ពន្ធទើបឈានដល់ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យបានម្នាក់ ហើយជនសង្ស័យរូបនោះបានសារភាពថា សពជនរងគ្រោះបានយកទៅទម្លាក់ចោលនៅស្ពាន ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំពោះមូលហេតុ នៃអំពើឃាតកម្មកើតឡើងដោយសារអ្វី សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយទេ៕
ដោយ ៖ ចន្ថា