ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបត់ត្រឡប់ក្រោយ ហើយពេលកំពុងបត់ ស្រាប់តែមានរថយន្តមួយគ្រឿងមកបុកពេញទំហឹងបណ្តាលឱ្យម្ចាស់ម៉ូតូដួលបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចចន្លោះស្ពានទី១០ និងស្ពានទី១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា សពបុរសរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-1605 តាមបណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុគាត់ក៏បានបត់ត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ពេលកំពុងបត់នោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនោះទេបើកបរតាមបណ្តោយផ្លូវជាតិលេខ6Aដូចគ្នា តែក្នុងទិសដៅបញ្ច្រាសគ្នាបានជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបន្តល្បឿនបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែង និងស្វែងរកអត្តសញ្ញាណរបស់ជនរងគ្រោះ ដើម្បីស្វែងរកក្រុមសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំក្រុមគ្រួសារសពជនរងគ្រោះទៅទទួលយកនៅពេលក្រោយ។ រីឯរថយន្តបង្កកម្លាំងសមត្ថកិច្ចនឹងតាមស្វែងរកដើម្បីយកមកដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖