ភ្នំពេញ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានបញ្ជាក់ដឹងថាមានជនរងគ្រោះដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា (CMVIS)រាប់សិបលានគ្រាប់អះអាងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ មានឧប្បត្តិហេតុគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន២២លើក ដែលបានបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ និងរបួសសរុបចំនួន ២៦នាក់។
ប្រភពដដែលបានអះអាងថា តួលេខនេះបានថយចុះ ៣២% ប្រៀបធៀបនឹង រយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះ ៣៨នាក់។
ទិន្នន័យគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានធានានូវប្រសិទ្ធភាព និងគុណភាព ដោយការិយាល័យ CMVIS រក្សាទុកនូវក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ដើម្បីចែកចាយជូនប្រតិបត្តិករសកម្មភាពមីន ស្ថាប័នជាតិ និងអន្តរជាតិតាមតម្រូវការ ចាំបាច់របស់ពួកគេ។
គួរបញ្ជាក់ថាក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមការងារ CMVIS បានផ្តល់សារអប់រំកាត់បន្ថយ គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២០៥០នាក់។
ក្នុងនោះផងដែរប្រជាពលរដ្ឋបានផ្តល់ព័ត៌មានពីទីតាំងគ្រាប់នៅតាមមូលដ្ឋានបានចំនួន ៦២គ្រាប់ និងបានរាយការណ៍បន្តទៅប្រតិបត្តិករសកម្មភាពមីន ដើម្បីយកចេញ និងកំទេចចោលបានទាន់ពេលវេលា៕
ដោយ៖ អរុណរះ