ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកកីឡាករនៅស៊ុយអែត ជួបគ្រោះថ្នាក់ស្លាប់៩នាក់

ចែករំលែក៖

កម្លាំងប៉ូលិសប្រទេសស៊ុយអែត បានឱ្យដឹងថា យន្តហោះមួយគ្រឿង បានធ្លាក់ជិតផ្លូវហោះហើរនៅអាកាសយានដ្ឋាន Orebro ហើយបានឆាបឆេះក្រោយការហោះហើរភ្លាម។ គ្រោះថ្នាក់ខាងលើបណ្តាលឲ្យមនុស្សនៅលើយន្តហោះទាំង៩ នាក់ស្លាប់នាថ្ងៃទី៨ខែកក្កដា ។

តាមការប្រកាសរបស់កម្លាំងប៉ូលិសនៅលើគេហទំព័រជាផ្លូវការថា «នេះជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ហើយមនុស្សនៅលើយន្តហោះស្លាប់ទាំងអស់»។
តាមការលើកឡើងរបស់កម្លាំងប៉ូលិសស៊ុយអែតបានបញ្ជាក់ថា យន្តហោះ DHC-2 Turbo Beaver ដឹកមនុស្ស៨នាក់ដែលជាកីឡាករលោតឆត្រយោងនិងអាកាសយានិកម្នាក់ ។ យន្តហោះខាងលើបានធ្លាក់ក្រោយការហោះហើរ នៅជិតអាកាសយានដ្ឋាន Orebro ។
នាយករដ្ឋមន្ត្រី Stefan Lofven បានសរសេរនៅលើបណ្តាញសង្គមTwitter ថា «ខ្ញុំទទួលបានព័ត៌មានស្តីពីការគ្រោះថ្នាក់ខាងលើ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ»។
មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើនេះនៅឡើយទេ ដោយក្រុមជំនាញកំពុងបើកការស្រាវជ្រាវ ៕ដោយ៖ ធីរីណា

រូបភាព៖ Reuters 


ចែករំលែក៖