ព័ត៌មានទាន់ហេតុការណ៍៖

ដឹងការពិតហើយប្រធានក្រុមតន្ត្រីសម័យដែលបានបាត់ខ្លួនគឺបានស្លាប់ ក្នុងផ្ទះសំណាក់ ពេលដេកជាមួយអ្នករត់តុ ជាជនសង្ស័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ ២០២១នេះ បានបង្ហាញមុខ សញ្ញា ដែលសង្ស័យថា បានសម្លាប់ ទៅលើប្រធានក្រុមតន្ត្រីសម័យម្នាក់ រួចយក សពទៅប្លុងចោល ក្នុងទន្លេមួយនៅក្រុងតាខ្មៅខេត្តកណ្ដាលកាលពីជាង ១០ថ្ងៃមុន ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿនស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋានបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងមានការសម្របសម្រួល ពីលោក អុិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង ក៏បានឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឃុន ឌីនឿន ភេទប្រុស អាយុ ៣៥ ឆ្នាំមានទីលំនៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។ឈ្មោះនេះបានមកស្នាក់នៅនិងបម្រើការងារនៅហាងសម្រស់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ 

ប្រភពដដែលបានបន្តថា កាលពីល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ ឈ្មោះចាន់ គៀន អាយុ ៥៦ ឆ្នាំមានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ជាប្រធានក្រុមតន្ត្រីសម័យ បានបើករថយន្តផ្ទាល់ខ្លួន មួយគ្រឿង ម៉ាកតាកូម៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A.2626 មកហាងផឹកស៊ីយីហោសម្រស់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ លុះយប់ជ្រៅបន្តិច ឈ្មោះ ចាន់ គៀន ក៏បានទៅដេកផ្ទះសំណាក់ជាមួយជនសង្ស័យ ឈ្មោះឃុន ឌីនឿន នៅផ្ទះសំណាក់យីហោ វ័ន្តណាញ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពដដែលបានបន្តដោយស្រង់ចម្លើយរបស់ជនសង្ស័យថា ពេលដេកជាមួយគ្នា រហូតដល់ម៉ោងជាង ៤ ជិតភ្លឺឈានចូលថ្ងៃទី ២៨ ខែមិថុនា ឈ្មោះចាន់គៀន បានគាំងបេះដូងស្លាប់ ។ 

ក្រោយពេលឈ្មោះ ចាន់ គៀន ស្លាប់រូបគេ(ឃុន ឌីនឿន) មានការភ័យខ្លាចក៏បានលើកសពបុរស ឈ្មោះ ចាន់ គៀន ដាក់លើរថយន្ត ហើយក៏បើកទៅរាជធានីភ្នំពេញ។ ពេលទៅដល់ ផ្សារឧត្តុង្គ បានទិញការ៉ុងចំនួន ៥ និងខ្សែ សម្រាប់ចង រួច បើកតាមផ្លូវភ្នំព្រះរាជទ្រព្យ ស្រុកឧដ្ដុង្គខេត្តកំពង់ស្ពឺ  ។ពេលដល់កន្លែងស្ងាត់ក៏បានយកការ៉ុង ច្រកសពជនរងគ្រោះ ពីក្បាលនិងពីចុងជើងរួចចងការុងផ្អោបគ្នា រួចរាល់ ទើបបន្តដំណើរទៅ ដល់ទីក្រុងភ្នំពេញ ហើយបានបើកឆ្លងទៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ លុះទៅដល់ស្ពានមួយឈ្មោះស្ពានព្រែកសំរោង នៅវេលាម៉ោង ៨យប់ ថ្ងៃដដែល ឃើញឱកាសស្ងាត់ល្អ ក៏លើកសពទម្លាក់ចូលក្នុងទឹកទន្លេ នោះទៅ រួចក៏បើករថយន្តត្រឡប់មកដេកផ្ទះសំណាក់នៅរាជធានីភ្នំពេញវិញ និងបានធ្វើសកម្មភាពដោះស្លាកលេខរថយន្តចេញ ។

លុះព្រឹកឡើងក៏យករថយន្តទៅលក់ដោយប្រាប់អ្នកទិញថាជារថយន្តអត់ពន្ធទើបយកពីប្រទេសវៀតណាម ដោយលក់បានក្នុងតម្លៃ ៥.៧០០ ដុល្លារ រួចក៏គេចទៅសម្ងំដេកនៅផ្ទះសំណាក់ រហូតដល់សមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ២០២១ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា អ្នកទិញរថយន្តពេលទិញរថយន្តបាន ក៏យកទៅគយដើម្បីបង់ពន្ធ ប៉ុន្តែត្រូវបានមន្រ្តីគយប្រាប់ថា ជារថយន្តមានពន្ធ មានម្ចាស់ត្រឹមត្រូវ ទើបអ្នកទិញភ្ញាក់ខ្លួន ថាទិញរថយន្តមិនប្រក្រតី ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ទើបឈានដល់ការស្រាវជ្រាវនិងចាប់ខ្លួនបាន ។

 ទោះបីចម្លើយសារភាពរបស់ជនសង្ស័យដែលមានភាពមិនច្បាស់លាស់យ៉ាងណាក្តី តែយោងតាមចម្លើយសារភាពនិង ផ្អែកតាមវត្ថុតាង សមត្ថកិច្ចសម្រេចចោទប្រកាន់ពីបទ (ឃាតកម្ម )និង (លាក់បាំងវត្ថុតាង) ដោយបានសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី ៩ ខែកក្កដាឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖