ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច
ប្រការ១ …ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈ ឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខ កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
ប្រការ២ …ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖
– សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែល ធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
– រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
– អាជីវកម្មម៉ាស្សា
– រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាព វិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ប្រការ៣…ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានលក្ខណៈកុះករកកកុញ មិនឱ្យលើសពី ១៥ (ដប់ប្រាំ)នាក់ លើកលែងតែចំពោ ករណី ដូចខាងក្រោម៖
– ការជូបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ ជាមួយគ្នា ក្នុងកម្មវិធីប្រពៃណី និងពិធីសាសនាផ្សេងៗ
– ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
– ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វាក់សាំង ការពារជំងឺកូវីដ-១៩
– ការជូបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
– ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី
– ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចឬ ក្នុងគោលបំណង
– ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដើម្បីបំពេញការងារបម្រើឱ្យសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះ។
ក្រៅពីករណីលើកលែងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលអាចមានហានិភ័យខ្ពស់ផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោម តាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ប្រការ៤ -..រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ នៃសេចក្តី សម្រេចនេះ និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ច រក្សាតម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង ៣កុំ” របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ៥ …ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី សហការចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចមានចែងក្នុងប្រការ២ និង ប្រការ៣ ខាងលើ អោយមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ក្នុងករណីរកឃើញថាបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្ម រដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណះចំពោ៖បុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។
ប្រការ៦ …ចំពោះទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបិទទីតាំងមុនពេលចូលជាធរមាន នៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រង និងចាត់វិធានការឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្តាច់ឫសគល់នៃប្រភពចម្លងជំងឺកូវីដ-១៩ ។
ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្ដីសម្រេចនៃ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការ សុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ-បន្ទប់ជួល ឬ អគារ ឬ អាជីវកម្មដ្ឋាន ឬ ជា ច្រកផ្លូវ ឬ ជាប្លុកតូចៗនោះ និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំង ត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប្រការ៧ ..បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មុនពេលសេចក្ដីសម្រេច ចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្ត បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៏។
ប្រការ៨ …នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធាន មន្ទីរ -អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សុខ ខេមរា