ខេត្តស្វាយរៀង៖ លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងលោក ម៉ៅ វីរៈ សមាជិកក្រុមប្រឹក្សាស្រុក និងលោកស៊ូ ម៉ុល អភិបាល នៃគណ:អភិបាលស្រុករមាសហែក បានអញ្ជើញចូលរួមដាំកូនឈើ (ឥន្ទនេល )ចំនួន២០០ដើមនៅទីប្រជុំជនស្រុករមាសហែកដែលជាការផ្តល់ជូនរបស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក។
ការចូលរួមដាំកូនឈើនេះបានធ្វើឡើងនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១ស្ថិតនៅទីតាំងនៅភូមិកំពង់ត្រាច ភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែកដោយមានការចូលរួមពីមន្ត្រីការិយាល័យសុខាភិបាល មន្ទីរពេទ្យបង្អែកស្រុក អធិការស្រុករមាសហែក កងរាជអាវុធហត្ថស្រុក យោធាផ្នែកសឹករងស្រុក ក្រុមប្រឹក្សាឃុំកំពង់ត្រាច ប្រជាការពារ ក្រុមយុវជន និងមន្ត្រីរាជការ ជាច្រើនផងដែរ។
លោកស៊ូ ម៉ុល អភិបាល នៃគណ:អភិបាលស្រុករមាសហែកបានថ្លែងអំណរគុណដល់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកដែលបានផ្ដល់កូនឈើ (ឥន្ទនេល )ចំនួន២០០ដើមសម្រាប់ដាំនៅទីប្រជុំជនស្រុករមាសហែកដើម្បីផ្តល់ជាម្លប់និង លើកសម្រស់សោភណភាពឲ្យស្រស់បំព្រងពិសេសនាពេលយប់មានភ្លើងផ្ទាំងសូឡាបំភ្លឺផ្លូវ
សម្រាប់អោយបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។
លោកបន្តថា មិនតែប៉ុណ្ណោះក្រោមការជួយជ្រោមជ្រែងឧបត្ថមគាំទ្រពីសំណាក់ប្រធានក្រុមការងារចុះមូលដ្ឋានក្នុងស្រុករមាសហែកដោយបានធ្វើអោយស្រុករមាសហែកទាំងមូលបានប្រែមុខមាត់យ៉ាងឆាប់រហ័សដោយមានការអភិវឌ្ឍន៍មានដូចជាសាងសង់អាគារមន្ទីរគណ:បក្សប្រជាជនកម្ពុជាស្រុកធំទូលាយនិងសាងសង់អាគារមន្ទីរពេទ្យស្រុកស្នាដៃផ្សេងៗជាច្រើនទៀតសម្រាប់បំរើសាវាសាធារណ:ដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋផងដែរ។
លោកអភិបាលស្រុកបន្តថា សូមលោកលោកស្រីបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារ អោយជាប់ជានិច្ចទើបយើងអាចជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕
ដោយ៖ យឹម សុថាន