ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្ដិការបង្ក្រាបបទល្មើសគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅ ឆមាសទី២ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត   អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកកិច្ចប្រជុំ តាមអនឡាញ ប្រព័ន្ធ Zoom ស្តីពីបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្ដិការបង្ក្រាបបទល្មើសគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅ ឆមាសទី២ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ដោយមានសមាសភាពអញ្ជើញចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ  អគ្គស្នងការរងនគរបាលជាតិ ជាអធិបតីលោកឧត្តមសេនីយ៍ឯក ហង្ស សុផាណារ៉ា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្ដិធម៌ គណៈអធិបតីលោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការ គណៈអធិបតីលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ  នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន គណៈអធិបតីលោក យី សិទ្ធិ   ប្រធាននាយកដ្ឋានអនុវត្ដច្បាប់ អ.ជ.ប.គ.ញ គណៈអធិបតី និងសមាជិក សមាជិកា

១.លោក នាយករងមន្ទីរ(២២នាក់) លោកនាយក(១១នាក់) សរុប ៣៣ នាក់ ។

២.លោកស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន និងលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានី-ខេត្ដ សរុប ៥០នាក់  សរុប ចំនួន ៨៨ នាក់ 

លទ្ធផលនៃកិច្ចប្រជុំ ៖

-បើកកិច្ចប្រជុំ សន្ទរកថា លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន

-របាយការណ៍សង្ខេបបូកសរុប សភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការ ឆមាសទី១ ឆ្នាំ២០២១ ដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន

បទអន្តរាគមន៍បណ្តាខេត្តចំនួន ០៤ មានដូចខាងក្រោម៖

-រាជធានីភ្នំពេញ ជួបប្រទះបញ្ហាមួយចំនួនដូចជា៖ គ្រឿងញៀនបានហូរចូល និងបានចែកចាយលួចលាក់ក្នុងក្លឹបកំសាន្ត និងខុនដូរ ពាក់ព័ន្ធ នឹងអាជីវកម្មបន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ មានការលួចលាក់ កែឆ្នៃ វេចខ្ចប់ និងជួញដូរគ្រឿងញៀនខុសច្បាប់ និងតំបន់សំណង់មិនរៀបរយ ដែលជាកន្លែងប្រមូលផ្តុំការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន និងបានសំណូមពរដល់ ម្ចាស់អាជីវកម្ម និងអង្គភាពពាក់ព័ន្ធបន្តសហការឈានដល់ការបង្រ្កាបបទល្មើសលួចលាក់កែឆ្នៃ ប្រើប្រាស់ និង ជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញ។ 

-ខេត្តតាកែវ៖ មានដំណាំដីចំការលួចលាក់ បន្លំដាំដុះក្នុងចំការដំណាំជាប់ជើងភ្នំឃុំគីរីវង្ស បានសហការជាមួយកម្លាំងព្រំដែនធ្វើការបង្ក្រាប និងបានធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញា។  បង្ក្រាប ០៣ ករណី ឃាត់ ០០ នាក់ចាប់យកវត្ថុតាងកញ្ឆាស្រស់២,៥០គីឡូក្រាម កញ្ឆាស្ងួត៥៦,៥០គីឡូក្រាម ដុតដំណាំកញ្ឆា២៧លើក ស្នើនិង១៧៤ទីតាំង, អាងស្តុក១០៧អាង ភូមិសាស្ត្រព្រៃភ្នំ ស្រុកគីរីវង់។

– ប្រសាសន៍បន្ថែមរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ ការដាំដុះកញ្ឆាត្រូវធ្វើការផ្ដន្ទាទោសតាមបរិមាណកញ្ឆាដែលបានធ្វើការរឹបអូស។ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតជម្រុញ អោយចាប់អោយបានមេក្លោង និងអ្នកប្រព្រឹត្ត អ្នកទទួលផល រីឯខាងវៀតណាមបានស្នើអោយមានកិច្ចប្រជុំពង្រឹងបន្ថែម ធ្វើអោយឃុំទាំង៦គ្មានការដាំដុះដំណាំកញ្ឆា ។ 

-ខេត្តស្វាយរៀង៖ – ធ្វើបទអន្ដរាគមន៍ ស្ដីពី កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន នូវចំណុចខ្លាំង ចំណុចខ្សោយ  និងបញ្ហាប្រឈម 

-ខេត្តបន្ទាយមានជ័យ៖ – ធ្វើបទអន្ដរាគមន៍ ស្ដីពីការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន បញ្ហាប្រឈម បញ្ហការរីករាតត្បាតជំងឺកូវីដ-១៩, លក្ខណៈស្មុគ្រស្មាញនៃភូមិសាស្ត្រព្រំដែន កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋ កំណើនអ្នកប្រើប្រាស់គ្រឿងញៀន។ ទិសដៅបន្ត បន្តជំរុញក្តាប់សភាពការណ៍ និងស្រាវជ្រាវប្រភពព័ត៌មានផ្សេងៗពាក់ព័ន្ធជាពិសេសស្រុកជាប់ព្រំដែន។ ពង្រឹងបន្ថែមការងារប្រៀបសមរភូមិ។ ចងក្រងមុខសញ្ញាសេសសល់ពីករណី។ សហការជាមួយការិយាល័យ BLO ជាប់ព្រំដែនដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន។

-ប្រសាសន៍បន្ថែម របស់លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ៖ សូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តច្បាប់ ក្នុងនាមសេនាអធិការដ្ឋាន សូមឯកភាពរបាយការណ៍ និងទិសដៅសកម្មភាព សូមរំលឹកបន្ថែមប្រសាសន៍ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដែលលោកបានចូលរួម  សន្និបាតរបស់ស្នងការដ្ឋាននគរបាលជាតិ ។

-ប្រសាសន៍បន្ថែម លោកឧត្តមសេនីយ៍ឯក យី សិទ្ធ៖ សូមថ្លែងអំណរគុណ ឯកឧត្តម អគ្គស្នងការរង និងសូមកោតសរសើដល់មន្ត្រីអនុវត្តច្បាប់ក្នុងការបង្ក្រាបករណីគ្រឿងញៀន។ សូមលើកយកខេត្តដែលពាក់ព័ន្ធគំរោង១៥១១ SMCC កាលពីឆ្នាំ២០២០ ភាគីកម្ពុជាដាក់គោលដៅខេត្តចំនួន០៣ ក្នុងគម្រោង១៥១១ ដោយឡែកឆ្នាំ២០២១ ក្រុមប្រឹក្សាភាគីថៃប្រចាំកម្ពុជា បានប្រជុំ បានស្នើសុំពង្រីកបន្ថែម២ខេត្តទៀត គឺខេត្តបន្ទាយមានជ័យ និងបាត់ដំបង។ តាមស្មារតី MOU ២០២០ នៅប្រទេសថៃ ក្នុងប្រតិបត្តិការទប់ស្កាត់ក្រោមកិច្ចប្រតិបត្តិការសុវត្ថិភាពទន្លេមេគង្គ ២០១៩-២០២២ រៀបចំក្រុមការងារទៅដល់ខេត្តគោលដៅដែលបានស្នើសុំ ក្រុមការងារនិងចុះទៅផ្ទាល់ ជាពិសេសខេត្តថ្មី ធ្វើការបណ្តុះបណ្តាលមន្ត្រីជំនាញក្នុងការធ្វើតេស្តសារធាតុគីមី និងគ្រឿងញៀន។

អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ៖ 

១.ឯកភាពរបាយការណ៍ និងទិសដៅ ដោយរំលេចបន្ថែម ថ្វីត្បិតការរីករាលដាលនៃជំងឺកូវីដ-១៩ ករណីគ្រឿងញៀននៅតែបន្ត ពួកឧក្រឹដ្ឋជននៅតែបន្តឆ្លៀតឱកាសជួញដូរ ទាំងការផលិតនិងដាំដុះនៅតំបន់ត្រីកោណមាស ដែលការចរាចរមានបរិមាណច្រើនដូចមានក្នុងរបាយការណ៍ស្រាប់ ឆ្លងកាត់ចូលមកកម្ពុជា និងចេញទៅប្រទសផ្សេងទៀតក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុប។

២.នៅតំបន់ត្រីកោណមាស នៅតែផលិតជាពិសេសហេរ៉ូអ៉ីន និងមេតំហ្វេតាមីន និងផលិតចេញជា MDMA ថែមទៀត។ កន្លងមកនេះយើងបង្ក្រាបបានគ្រឿងញៀនច្រើនប្រភេទ មួយផ្សេងទៀតទីផ្សារធំៗចេញពីកម្ពុជា ដូចក្នុងរបាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀន ក្នុងរបាយការណ៍ INTERPOL បង្ហាញថា គ្រឿងញៀនមេតំហ្វេតាមីនផលិតនៅអាហ្គានីស្ថាន ក្នុងតំលៃថោក។ នៅកម្ពុជាពាក់ព័ន្ធមុខសញ្ញាជនជាតិចិន មានភាពស្មុគ្រស្មាញ បន្ថែមពីនេះសង្កេតឃើញមានករណីដឹកជញ្ជូនតាមផ្លូវសមុទ្រ ដូចជាការចាប់បាននៅខេត្តព្រះសីហនុ កោះប៊ុលឡាវៃជាដើម។ ពីមុនសង្កេតឃើញមានចរាចរចរចូលមកកម្ពុជាតាមផ្លូវគោក តាមច្រកព្រំដែលឡាវ។ អ្នកញៀនគ្រឿងញៀនជាជនរងគ្រោះ រីឯបញ្ហាប្រឈមដូចខេត្តស្វាយរៀងលើកឡើងផងដែរ ក្នុងបរិបទកូវីដ១៩ ការព្យាបាលស្តារនីតិសម្បទាមានការលំបាកដោយមន្ទីរពេទ្យត្រូវការព្យាបាលអ្នកកើតកូវីដ។

៣.ឧក្រឹដ្ឋជននៅកម្ពុជាបានសហការជាមួយមេក្លោងនៅវៀតណាម រកឃើញជាង២៧ករណី ដែលខេត្តស្វាយរៀងបានសហការជាមួយមន្ទីរ រួមទាំងមុខសញ្ញាជនជាតិចិនតៃវ៉ាន់ផងដែរ ដែលព្យាយាមជួញដូរទៅប្រទេសវៀតណាម និងបញ្ហាមួយទៀតគឺការប្រើប្រាស់ប្រដាប់អាវុធពីសំណាក់ជនល្មើសដែលថ្មីៗនេះបានបង្ករបួសស្នាមដល់មន្ត្រីអនុវត្តច្បាប់។ ករណីមេក្លោងបញ្ជាពីពន្ធនាគារក៏ជាបញ្ហាប្រឈមផងដែរ ជាពិសេសទណ្ឌិតជនជាតិឡាវ។ 

-ក្នុងការវាយតម្លៃរបស់មន្ទីរប្រឆាំងគ្រឿងញៀន គឺការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀនដែលបានបញ្ចូល១០០% ដែលជាចំណុចខ្លាំង សូមពង្រឹងបន្ត ដែលយើងបានស្រង់យកខ្ចៅដៃ ស្នើសុំ ឲ្យលោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ស្នើខាងនាយកដ្ឋានព័ត៌មានវិទ្យាជួយបន្ថែមលើការងារបច្ចេកទេស ឯកឧត្តម អគ្គស្នងការ ក៏បានកើតសរសើរផងដែរ។ 

លទ្ធផលបង្ក្រាបករណីធំៗ ក្នុងកិច្ចសហប្រតិបត្តិការ រវាងមន្ទីរ និងតាមបណ្តាខេត្តជាពិសេសមន្ទីរប្រឆាំងគ្រឿងញៀន និងខេត្តស្វាយរៀង។ ពាក់ព័ន្ធខេត្តបាត់ដំបង បន្ទាយមានជ័យ និងមន្ទីរ មានមុខសញ្ញាភូមា។ យើងមានមេគង្គឡាងឆាង UNODC សហការគ្នាផ្លាស់ប្តូរព័ត៌មាន សូមអោយឆ្លើយឆ្លងព័ត៌មានបន្ទាន់ Hot News ផលចំណេញក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ១.ផ្លាស់ប្តូរព័ត៌មានផ្ទៃក្នុងផង និងអន្តរជាតិផង ២.បន្ថែមបទពិសោធន៍ពីបណ្តាសហគមន៍បរទេស ៣.យើងទទួលបានជំនួយសម្ភារៈបច្ចេកទេស និងជំនាញជាដើម។ បើមានករណីអន្តរជាតិ ព័ត៌មានក្តៅ យើងត្រូវធ្វើការស៊ើបអង្កេតបន្ទាន់ ដូចករណីខេត្តកណ្តាលជាដើម មន្ទីរសហការជាមួយខេត្តកណ្តាល នៅពេលមានបត្យាប័ណ្ណ ឬការស្នើសុំយើងធ្វើការចាប់ភ្លាម ប៉ុន្តែគួរបញ្ជូនតាមការស្នើសុំ ឬអនុវត្តច្បាប់អន្តោប្រវេសន៍បណ្តេញចេញ ប៉ុន្តែបើជនល្មើសបានប្រព្រឹត្តទោសនៅកម្ពុជា ជនល្មើសនោះត្រូវអនុវត្តទោសជាមុនសិន  ទើបអាចបញ្ជូនតាមការស្នើសុំបាន។ 

-ពង្រឹងការងារប្រៀបសមរភូមិឡើងវិញ ធ្វើបច្ចុប្បន្នភាព។ 

-ប្រសាសន៍សម្តេចក្រឡាហោម ស ខេង ថ្លែងនូវការកោតសរសើរចំពោះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពប្រឆាំងគ្រឿងញៀន ដែលខិតខំបង្ក្រាបគ្រឿងញៀនកន្លងមក ពិតមែនតែចំពោះមុខជម្ងឺកូវីដ១៩ ជាជម្ងឺរាតត្បាត យូរអង្វែង គ្រោះថ្នាក់ដែលចាំបាច់ត្រូវរួមគ្នាប្រឆាំង ប៉ុន្តែគ្រឿងញៀនក៏ជាបញ្ហាគ្រោះថ្នាក់យូរអង្វែងដែលត្រូវតែយកចិត្តទុកដាក់ប្រឆាំងបង្ក្រាបផងដែរ និងត្រូវយកចិត្តទុកដាក់ដល់ការងារការសម្អាតប្រាក់ផងដែរ ដោយបើកវគ្គបណ្តុះបណ្តាល បង្រៀនប្រព័ន្ធតាម Zoom ដល់បណ្តាខេត្តពាក់ព័ន្ធការងារសម្អាតប្រាក់។

ការងារទី១៖ ប្រឆាំងការសម្អាតប្រាក់ គ្រប់កិច្ចប្រតិបត្តិការត្រូវខិតខំស្វែងរកអចលនទ្រព្យជនល្មើសដើម្បីធ្វើការបង្ការ និងរឹបអូស (បង្រៀនតាម Zoom ទូទាំងប្រទេសពីការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់)

ការងារទី២៖ គ្រប់គ្រងត្រួតពិនិត្យការនាំចូលសារធាតុគីមី ដែលពាក់ព័ន្ធនិងការផលិត-កែច្នៃ។ ក្រុមហ៊ុនចុះបញ្ជីនាំចូល តើត្រឹមត្រូវឬទេ? អ្នកទទួលខុសត្រូវ? ទាក់ទងអជ្ញាធរ តើមានការហាមប្រាមក្នុងតារាងឬទេ?

☆ ការងារប្រឆាំងគ្រឿងញៀនមានគុណប្រយោជន៍៧យ៉ាង : 

១-ជួយរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម កាត់បន្ថយបទល្មើសឆក់ប្លន់ គ្រោះថ្នាក់ចរាចរណ៍

២-លើកកំពស់ការប្រឆាំងភេរវកម្ម ព្រោះភេរវករវាយកលុយបានពីគ្រឿងញៀនទៅទីញអាវុធ ធ្វើសកម្មភាពបំផ្លិចបំផ្លាញ។

៣-ចូលរួមប្រឆាំងនឹងការសំអាតប្រាក់ ការរីកសាយនៃអាវុធមហាប្រល័យ។

៤-កាត់ផ្ដាច់ការចាត់តាំងក្រុមម៉ាហ្វីយ៉ាក្នុងប្រទេសនិងទំនាក់ទំនងរវាងក្រុមម៉ាហ្វីយ៉ាពីក្រៅមកក្នុង

៥-លើកកំពស់សុខមាលភាពពលរដ្ឋនិងសុខដុមរមនាក្នុងក្រុមគ្រួសារ។

៦-លើកកំពស់ការពារធនធានមនុស្ស ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ។

៧-កាត់បន្ថយចំណាយរបស់រាជរដ្ឋាភិបាល សង្គមនិងពលរដ្ឋដែលត្រូវចាយវាយលើការបន្សាបព្យាបាលនិងឃុំគ្រងក្នុងពន្ធនាគារ ។

ទិសដៅរបស់មន្ទីរ៖

-រៀបចំផែនការសកម្មភាពផ្ទាល់ដើម្បីអនុវត្ត

-បន្តវិធានសុខាភិបាល ៣កុំ ៣ការពារ ២ចូលរួម

-ការធ្វើតេស្តរហ័ស មន្ត្រី, កម្លាំងសម្ងាត់ , ជនសង្ស័យ៕

ដោយ៖ ស សម


ចែករំលែក៖