ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បញ្ជូនថៅកែដេប៉ូឈើម្នាក់ និងគូកន ២នាក់ ទៅសាលាដំបូងខេត្ត ក្នុងករណីក្លែងឯកសារសាធារណៈធ្វើអាជីវកម្មឈើខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ក្នុងនោះមានបុរសម្នាក់ ជាថៅកែដេប៉ូឈើដ៏ល្បីឈ្មោះ។

ការបញ្ជូនជនសង្ស័យខាងលើទៅតុលាការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងនោះមានបុគ្គលិក២នាក់ផងដែរពាក់ព័ន្ធនឹងក្លែងឯកសារសាធារណ:។

មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យដែលជាថៅកែ ដេប៉ូឈើនោះ មាន ឈ្មោះ ស្រេង ប្រណី ភេទប្រុស អាយុ ៥២ ឆ្នាំ ជាថៅកែដេប៉ូឈើ យីហោ«តាំង សុខនី» និងបុរស ២នាក់ ជាបុគ្គលិក ធ្វើការជាមួយក៏ត្រូវឃាត់ខ្លួនផងដែរ ។ ជនសង្ស័យទាំង៣នាក់ មានទីលំនៅ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យទាំង៣នាក់នេះ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃ៧ ខែកក្កដា ២០២១ ដោយកម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ខណ:ឆ្មក់ចូលទៅក្នុងដេប៉ូឈើ យីហោ «តាំង សុខនី» ដែលមានទីតាំង ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស។  បន្ទាប់ពីធ្វើការត្រួតពិនិត្យដេប៉ូឈើរបស់ឈ្មោះ ស្រេង ប្រណី សមត្ថកិច្ចនគរបាលជំនាញ រកឃើញឈើល្មើសច្បាប់ ប្រភេទ សុក្រំ ចំនួន ១៧៤ដុំ ស្មើ៧,៧៤២ ម៉ែត្រគូប ក្នុងដេប៉ូឈើ និង ឯកសារក្លែងក្លាយ មួយចំនួន ក្នុងការធ្វីអាជីវកម្មព្រៃឈើ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

ទាក់ទិនការបញ្ជូនជនសង្ស័យទៅតុលាការនេះ ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានទេនៅថ្ងៃនេះ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖