ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តពោធិ៍សាត់ តាមចាប់ឃាត់ខ្លួន នៅវេលាម៉ោងជាង ១រំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីរូបគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយបុរសជាប្តី និងវាយប្រតាយប្រតប់គ្នារហូតក្លាយជាអំពើហិង្សា ហេីយប្រពន្ធប្រើកាំបិតចាក់ទៅលេីប្តីមួយកាំបិតចំឆ្អឹងជំនីខាងឆ្វេង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
បេីតាមសម្តីលោកវរសេនីយីឯក ធាង ឡេង អធិការនគបាល ស្រុកវាលវែង បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ២០២១នេះថា៖ ករណីឃាតកម្មប្រពន្ធស្លាប់ប្តីខាងលេីនេះ បានកើតឡើង នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចអូរ ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកអធិការ បានបន្តទៀតថា ជនសង្ស័យជាប្រពន្ធ ឈ្មោះ តាំង គា ហៅ ញឹង អាយុ ២៦ ឆ្នាំ ។ ចំណែកជនរងគ្រោះជាប្តី មានឈ្មោះ សឿន ស៊ា អាយុ៣៤ឆ្នាំ អ្នកទាំង២ រស់នៅក្នុងភូមិ.ឃុំ.ស្រុក កើតហេតុខាងលើ។
ប្រភពដដែរ បានបន្ថែមទៀតថា មុនពេលកើតហេតុ ប្រពន្ធបានឈ្លោះប្រកែកដោយពាក្យសម្តីគ្នាជាមួយប្ដី ហើយបានយកកូនកាំបិតកាន់នៅដៃ។ នៅពេលឈ្លោះប្រតាយប្រតប់គ្នានោះ ប្រពន្ធបានចាក់ត្រូវប្តី មួយកាំបិត ចំឆ្អឹងជំនី ខាងឆ្វេង បណ្ដាលឱ្យប្ដី ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ទៀតថា ក្រោយកើតហេតុ ស្ត្រីដែលជាជនសង្ស័យ បានរត់គេចមកលាក់ខ្លួន នៅផ្ទះម្ដាយបង្កើតរបស់ខ្លួនឯង ឈ្មោះ ណាក់ ដែលមានចម្ងាយជាង ៤០០ ម៉ែត្រ ពីកន្លែងកើតហេតុ ហើយត្រូវបានកម្លាំង ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យបាននៅវេលាម៉ោងជាង ១ រំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។ ហើយមូលហេតុឈានដល់ចាក់សម្លាប់ប្តី ផ្តើមឡើងដោយសារទំនាស់ពាក្យសម្ដី ហើយគ្រួសារមួយនេះ តែងតែមានរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកវាលវែង ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្ដទៅស្នងការដ្ឋាន នគបាលខេត្ត អនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖បុឹម ពិន