ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើ សន្និសីទសារព័ត៌មាន នាថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក នៅសាលារាជធានីភ្នំពេញ (បន្ទប់សាលប្រជុំ ជាន់ទី២ អគារ ខ) ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ សូមបញ្ជាក់ជូនថា សន្និសីទសារព័ត៌មាននេះនឹងមានការ ចូលរួមពី ១) លោកវេជ្ជបណ្ឌិត ម៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ២) លោកសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ៣) លោក កើត ឆែ អភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ និង លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ចូលរួម ផ្តិតយកទិដ្ឋភាពទាំងស្រុងនៃសន្និសីទសារព័ត៌មាន ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យបាន ជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា