ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩នៅមីយ៉ាន់ម៉ាកើនឡើង រុស្ស៊ីសន្យាផ្តល់វ៉ាក់សាំង២លានដូស

ចែករំលែក៖

គណៈកម្មការហិរញ្ញវត្ថុមីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងថា រុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២លានដូសដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងខែកក្កដាឆ្នាំ២០២១នេះ។ ការសម្រេចផ្តល់វ៉ាក់សាំងក្រោយពេលឃើញប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ និងស្លាប់កើនឡើងខ្ពស់។
កាលពីថ្ងៃទី៩ខែកក្កដា គឺជាថ្ងៃទី២ហើយដែលមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុត គឺមានជាង៤៣០០នាក់ និងស្លាប់ ដល់ទៅ៦៣នាក់ ។ ប្រធានគណៈកម្មការហិរញ្ញវត្ថុមីយ៉ាន់ម៉ា និងជាប្រមុខដឹកនាំប្រទេសនេះ លោក Min Aung Hlaing បានលើកឡើងថា «ខ្ញុំបានស្នើដល់រុស្ស៊ីជួយផ្គត់ផ្គង់វ៉ាក់សាំង២លានដូស ហើយរុស្ស៊ីក៏បានសន្យាផ្តល់ជូន»។
កាលពីខែមិថុនា ឆ្នាំ២០២១ មេដឹកនាំ មីយ៉ាន់ម៉ា លោក Min Aung Hlaing បានលើកឡើងថា លោកបានព្យាយាមចរចាទិញវ៉ាក់សាំង៧លានដូសពីប្រទេសរុស្ស៊ី។ ជាមួយគ្នានេះដែរ មីយ៉ាន់ម៉ាក៏បានពិភាក្សាពិការផលិតវ៉ាក់សាំង របស់រុស្ស៊ីនៅក្នុងទឹកដីមីយ៉ាន់ម៉ា។ ក្រុមអ្នកជំនាញរបស់រុស្ស៊ីបានទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីត្រួតពិនិត្យរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសនេះ ថាតើអាចផលិតវ៉ាក់សាំងបានកម្រិតណា។
គិតមកដល់ល្ងាចថ្ងៃទី១០ខែកក្កដា មីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ សរុបជាង១៨៤ពាននាក់ និងស្លាប់ ៣៦៨៥នាក់ ។ ករណីឆ្លងថ្មីនៅក្នុងប្រទេសនេះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យបារម្ភ ៕

ដោយ៖ ធីរីណា(រូបថត៖AFP)


ចែករំលែក៖