ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភាហៃទីប្រកាសតែងតាំងប្រធានាធិបតីបណ្តោះអាសន្ន

ចែករំលែក៖

ព្រឹទ្ធសភាប្រទេសហៃទី បានប្រកាសថា ប្រធានព្រឹទ្ធសភាលោក Joseph Lambert ត្រូវបានតែងតាំងធ្វើជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះ។ ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែងដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាច្រើន និងថ្នាក់ដឹកនាំសង្គមស៊ីវីល ។
ប្រធានាធិបតី Jovenel Moise រងការធ្វើឃាតនៅក្នុងផ្ទះនាថ្ងៃទី ៧ខែកក្កដា បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ចំណែកភរិយារងរបួសធ្ងន់ ហើយពេលនេះបញ្ជូនទៅព្យាបាលនៅសហរដ្ឋអាមេរិក។
នៅមុនពេលត្រូវគេលួចធ្វើឃាត ប្រធានាធិបតី Jovenel បានតែងតាំងលោក Anriel Henry ធ្វើជានាយករដ្ឋមន្ត្រី។ គណបក្ស Tet Kale មានសំឡេងភាគច្រើនក្នុងរដ្ឋសភា បានលើកឡើងថា លោកHenry គួរតែឡើងកាន់តំណែងប្រធានាធិបតីបង្កើតរដ្ឋាភិបាលថ្មី។ តាមគម្រោង ការបោះឆ្នោតប្រធានាធិបតី សមាជិករដ្ឋសភា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១។
ស្ថានភាពនៅក្នុងប្រទេសហៃទី កាន់តែអាក្រក់ ក្រោយពេលដែល អំពើហិង្សាកើនឡើងខ្ពស់ និងការឆ្លងរាលដាលកូវិដ-១៩ កាន់តែខ្លាំង។ អំពើហិង្សា ការវាយប្រហារគ្នាកាន់តែខ្លាំងរវាងក្រុមជ្រុលនិយមនឹងកម្លាំងប៉ូលិសនៅក្នុងទីក្រុង Port Au Prince បង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ដើម្បីសុវត្ថិភាព ហៃទីបានស្នើដល់អង្គការសហប្រជាជាតិបញ្ជូនកម្លាំងការពារមកជួយការពារទីតាំងសំខាន់ៗ នៅក្នុងប្រទេសនេះ៕

ដោយ៖ធីរីណា(រូបថត៖AFP)


ចែករំលែក៖