ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩កើនឡើងខ្ពស់ នាយករដ្ឋមន្ត្រីថៃបរិច្ចាគប្រាក់ខែ៣ខែសម្រាប់ទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី១០ ខែកក្កដា ថៃមានករណីឆ្លងកូវីដនិងស្លាប់កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្រសួងសុខាភិបាលថៃបានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងមានករណីឆ្លងកូវីដ-១៩ ត្រូវបានគេរកឃើញរហូតដល់ទៅ៩.៣២៦នាក់ និងស្លាប់កើនឡើងរហូតដល់ទៅ ៩១នាក់។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ336.158នាក់ និងស្លាប់2.625នាក់។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឲ្យបានល្អបំផុតក្នុងរយៈពេលពី២ទៅ៤សប្តាហ៍ ដោយរដ្ឋាភិបាលបានអនុម័តវិធានការតឹងតែងបំផុតក្នុងរដ្ឋធានីបាងកក និងខេត្តចំនួន៥នៅជិតខាង និងខេត្តចំនួន៤ទៀតនៅតំបន់ភាគខាងត្បូង ចាប់ពីថ្ងៃទី១២ខែកក្កដា។
វិធានការតឹងតែងដើម្បីទប់ស្កាត់កូវីដ-១៩ នឹងធ្វើឲ្យខាតបង់ទឹកប្រាក់ ចាប់ពី ៥០-១០០ពាន់លានបាត (ប្រមាណ១,៥-៣ពាន់លានដុល្លារអាមេរិក)។ទាំងនោះហើយរដ្ឋាភិបាលចាំបាច់ត្រូវតែបន្ថែមប្រាក់ចំណាយដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។ ទាំងនោះហើយបានជានាយករដ្ឋមន្ត្រីសម្រេចបរិច្ចាគប្រាក់ខែ៣ខែ។
ប្រជាជនថៃដែលរស់នៅក្នុងរាជធានីបាងកក ព្រមទាំងខេត្តក្បែរខាងដូចជា Nakhon Pathom ,Nonthaburi, Pathum Thani ,Samut Prakan និង Samut Sakhon Narathiwat, ប៉ាតតានី សុងក្លា និង យ៉ាឡា ត្រូវបានណែនាំកុំឲ្យចាកចេញពីលំនៅឋាន ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយទៅ ប្រសិនបើគ្មានការចាំបាច់ទេនោះ។
ហាងលក់ទំនិញ និងផ្សារ នឹងត្រូវបិទទ្វារចាប់ពីម៉ោង ៨៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទៀបភ្លឺ នៅក្នុងទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃ ក៏បានចេញបទបញ្ជាឲ្យមានការបិទជាបណ្តោះអាសន្ន ចំពោះហាងលក់ទំនិញនិងផ្សារតូចៗនៅក្នុងខេត្តចំនួន ០៦ ក្នុងចំណោមខេត្តទាំងប៉ុន្មានខាងលើផងដែរ លើកលែងតែផ្សារទំនើបធំៗ និងតំបន់លក់ថ្នាំពេទ្យ ភោជនីយដ្ឋាន កាហ្វេ ធនាគារ ព្រមទាំងទីតាំងដែលត្រូវបានចាត់ជាកន្លែងចាក់វ៉ាក់សាំង ដែលនឹងអាចធ្វើប្រតិបត្តិការបានដល់ម៉ោង៨៖០០នាទីយប់៕

ដោយ៖ធីរីណា(រូបថត៖ AP)


ចែករំលែក៖