ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ បុករថយន្តហ៊ីយ៉ាន ដោយបញ្ច្រាសគ្នាផ្អើលអ្នកភូមិទាំងយប់សំណាងមិនមានអ្នករងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របុកជាមួយរថយន្តហ៊ីយ៉ានដោយបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចទាំងយប់និងភ្លៀងធ្លាក់សំណាងមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១  លើផ្លូវជាតិលេខ ០១ Km ១២១និង១២២ ស្ថិតក្នុងភូមិ ស្វាត សង្កាត់ ចេក ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា អ្នកបើករថយន្តបង្កហេតុមានឈ្មោះ ម៉ៅ សាខេន អាយុ ៣១ មុខរបរ បើកបរ រស់នៅភូមិ ព្រែកពក ឃុំ ថ្នាថ្នង់ ស្រុក រំដួល ខេត្ត ស្វាយរៀង ចំណែករថយន្ដម៉ាក់ KIA ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ  ២K ៤៧៣០ខូចខាតធំ។

រីឯភាគីម្ខាងទៀតមានឈ្មោះ វ៉ន ផាន់ណា អាយុ ៣៣ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ភ្នៅ ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងបើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣A ៩៦៨៣ ។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាក KIAប្រភេទកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ  ២K ៤៧៣០ ដោយធ្វើដំណើរ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ទាំងភ្លៀងធ្លាក់ខណៈនោះស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣A ៩៦៨៣ ក្នុងទិសដៅបញ្រ្ចាសគ្នា ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដោយសារតែរថយន្តកុងតឺន័រមិនប្រកាន់ស្ដាំ ទើបបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសំណាងហើយមិនបណ្ដាលអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។

ក្រោយមកសមត្ថកិច្ចចុះវាស់វែងនិងអូសយក មធ្យោបាយធ្វើដំណើរទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖