ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជូនប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នៅតំបន់ជុំវិញបរិវេណផ្សារឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា, នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៩៣គ្រួសារ ដែលកំពុងបិទខ្ទប់មិនឱ្យចេញចូលនៅតំបន់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

អំណោយដែលបានចែកជូនរួមមាន៖ អង្ករ ទឹកក្រូច ទឹកសុទ្ធ ម៉ាស និងថវិកាផងដែរ សម្ភារទាំងនេះផ្តល់ជូនសម្រាប់ប្រជាពលរដ្ឋខ្វះខាតខ្លាំង ចំណែកខ្លះទៀត នៅមានលទ្ធភាព ត្រូវរង់ចាំការផ្តល់ជូនជាបន្តបន្ទាប់នៅពេលក្រោយ ដោយឡែក កម្លាំងការពារការបិទខ្ទប់ មាន៣ក្រុម គឺក្រុមនគរបាលក្រុង ក្រុមរដ្ឋបាលសាលាក្រុង  និងក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយក្នុងមួយក្រុមៗ ទទួលបានថវិកាចំនួន ៤០ ម៉ឺនរៀល។

ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ ដែលស្នាក់នៅបន្ទប់ជួលហើយកំពុងជួបការលំបាក លោកអភិបាលខេត្ត ជួយដោះស្រាយបញ្ហាអគ្គិសនីជូន និងបានជួយឧបត្ថម្ភថវិកាជូនបងប្អូនចំនួន ១លាន៥០ម៉ឺនរៀល សម្រាប់បង់ថ្លៃបន្ទប់ជួលរយៈពេល១ខែ សម្រាប់១០បន្ទប់៕

ដោយ ៖ សិលា


ចែករំលែក៖