ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ទាំងគ្រប់គោលដៅ និងបានជួបសំណេះសំណាល សួរនាំផ្តាំផ្ញើ វិធានការមួយចំនួនដើម្បីការពារ ទប់ស្កាត់នៃជំងឺកូវីដ-១៩ នាថ្ងៃអាទិត្យទី១១ ខែកក្កដា ឆ្នាំ២០២១។

ក្នុងឱកាសនោះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍អរគុណក្រុមការងារគ្រប់ផ្នែកទាំងអស់ ពិសេសពេទ្យយោធាយោធភូមិភាគទី៥ ដែលកំពុងប្រតិបត្តិការចាក់យ៉ាងសស្រាក់សស្រាំ ចាក់វ៉ាក់សាំងជូនបងប្អូន។

វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់បងប្អូនទាំងអស់ អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ 

លោកអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

ដោយ ៖ សិលា


ចែករំលែក៖