ខេត្តរតនគិរី៖ ជនសង្ស័យចំនួន០២នាក់ជាប្តីប្រពន្ធជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤:៣០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ស្ថិតនៅក្នុងចំការមួយ ភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ការបង្ក្រាបនោះមានលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកំលាំងកងអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបករណីគ្រឿងញៀនជាក់ស្តែងចាប់បានជនសង្ស័យចំនួន០២នាក់ប្តីប្រពន្ធជនជាតិវៀតណាម តែពុំទាន់ស្គាល់ឈ្មោះនៅឡើយ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានធ្វើការដកហូតរួមមាន៖ ម្សៅសថ្លាប្រមាណ០២កញ្ចប់ធំល្មម និងមួយកញ្ចប់តូច រួមទាំងទូរស័ព្ទដៃមួយគ្រឿងផងដែរ ។
ក្នុងករណីនេះ សមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវដើម្បីឈានទៅវែកមុខរកចាប់ខ្សែបណ្តាញមុខសញ្ញាធំបន្តទៀត ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីបន្តតាមនីតិវិធីច្បាប់ និងបញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថខេត្តរតនគិរីបន្តផងដែរ៕
ដោយ៖ជីវ័ន្ត