ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញ​គ្រាប់បែកដៃជាង ៣០០គ្រាប់ នៅ​កណ្តាល​ក្រុង​សៀមរាប​

ចែករំលែក៖

ខេត្ត​សៀមរាប៖ បេី​តាមការបញ្ជាក់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាលខេត្តសៀមរាប បានថ្លែង​ឱ្យ​ដឹង​ថា​ គ្រាប់បែកដៃប្រមាណ​ជាង ៣០០គ្រាប់ ត្រូវបាន​ក្រុមការងារជីក​បំពង់​លូ ខ្សែ​កា​ប្លិ៍របស់ទូរគមនាគមន៍​ ប្រទះឃើញនៅ​កណ្តាលក្រុង​សៀមរាប។​

ជាក់ស្ដែង​នៅល្ងាចថ្ងៃសៅរ៍​ទី១០​ ខែកក្កដា​ ឆ្នាំ​២០២១​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង បានគូសបញ្ជាក់ថា​៖ ក្រុមការងារ​ជីក​បំពង់​លូ​ខ្សែ​កា​ប្លិ៍ បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជា​ប្រភេទគ្រាប់បែកដៃ នៅជាប់​របង​វិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាបកាលពី​រសៀលថ្ងៃទី​១០ កក្កដា​នេះដែរ​​។​

​លោកស្នងការខេត្ត​ បានថ្លែងបន្ដថា ទីតាំង​នោះ ជា​សាលារៀន នៅ​សម័យ​ ​លន់ ណុល លុះដល់សម័យ​ខ្មែរក្រហម ទីតាំង​សាលា​រៀ​នេះ ត្រូវបាន​ពួក​នោះយក​ធ្វើជា​ឃ្លាំង​គ្រាប់​។ លុះដល់​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ទីតាំង​ខាងលើ ត្រូវបាន​យកមក​ធ្វើ ជា​សាលារៀន​វិញ​។​

​ដោយឡែក​ជុំវិញករណីនេះដែរ​ បេីយោងតាម​សេចក្តីរាយការណ៍ របស់ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្តសៀមរាប លោក សុខ សីហា ក៏បានបញ្ជាក់ដែរថា​ គិត​ត្រឹម​ម៉ោង ៤រសៀល ថ្ងៃ​ដដែល​នេះ មន្ត្រីនគរបាល មកពី​អង្គរ​ភាព​គ្រប់គ្រង អាវុធជាតិផ្ទុះ និង​មន្ត្រី​ម​ជ្ឈ មណ្ឌល​សកម្មភាព កំចាត់មីន ( ស៊ីម៉ាក់ = CMAC) បាន​រកឃើញ​គ្រាប់បែកដៃ ចំនួន ៣២៥ គ្រាប់​។​

គួរបញ្ជាក់ថា​ បើទោះជា​យ៉ាងណា ​​សេចក្តីរាយការណ៍ របស់លោកប្រធាន​មន្ទីរ​ប្រៃសណីយ៍រូបនោះ ក៏បានសង្កត់ធ្ងន់ថា៖ ចំនួន​នេះ នៅ​មិនទាន់អស់​នៅឡើយ​ទេ ដែល​តាម​ការប៉ាន់ប្រមាណ អាច​មាននៅ​សេសសល់ ប្រមាណ ២០ភាគរយ​ទៀត​។ ចំណែក​ទីតាំង​ខាងលើនេះ មន្ត្រី​ជំនាញ​បានសម្រេច ហ៊ុមព័ទ្ធ​ទុក​សិន ដើម្បី​រុករក​គ្រាប់ ដែល​នៅ​សេសសល់ជា​បន្តទៀត​ និងដើម្បីការពារសុខសុវត្ថិភាពទាំងអស់គ្នា៕ដោយ​៖សហការី​


ចែករំលែក៖