ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃ​៖​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ​-១៩ថ្មី​ ជិត​ ១ម៉ឺន​នាក់​ ខណៈ​អ្នកជំងឺស្លាប់​ ៨៦​នាក់​ នៅ​ថ្ងៃអាទិត្យ​នេះ​!

ចែករំលែក៖

អន្តរជាតិ​៖ អាជ្ញាធរ​សុខាភិបាល​ថៃ ប្រកាស​បន្តរកឃើញអ្នកវិជ្ជមានកូវីដ​-១៩ថ្មី​ចំនួន​ ៩.៥៣៩​នាក់​ ខណៈ​អ្នកជំងឺស្លាប់​ចំនួន​ ៨៦នាក់​ នៅថ្ងៃអាទិត្យទី​១១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​។

សូមជម្រាបថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ ចំនួន​៩.៤៣៦​នាក់នេះ​ រួម​មាន​៖​ រកឃើញ​អ្នកទោសនៅ​ក្នុង​ពន្ធនាគារ​ចំនួន​ ១០៣​នាក់​ផង​ដែរ​។
បច្ចុប្បន្ន​​ចំនួន​នេះ​ធ្វើឱ្យ​ប្រទេសថៃ​ ​មាន​អ្នក​កើតកូ​វីដ​-១៩​នេះ​ សរុប​ចំនួន​ ៣៣៦.៣៧១​នាក់​ ​និងអ្នកស្លាប់ចំនួន​​២.៧១១​នាក់​ ចាប់តាំងពី​ដើម​ឆ្នាំ​មុន​មក​។​

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ពិនិត្យ​ប្រមាណ​១៤៥​កន្លែង ដែល​៨៨​នៅក្នុង​រដ្ឋធានី​បាងកក ត្រូវបាន​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ចលនា​មនុស្ស​នៅ​ពេល​មេបញ្ជាការ​ជាន់ខ្ពស់​ថៃ​បានចេញ​​ការ​ព្រមាន​ថា​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នរណា​ដែល​រំលោភ​វិធានការ​ប្រឆាំង​កូវី​ដ​-១៩​។​

​ជាក់ស្ដែង​ចំពោះ​ចំណាត់ការ​នេះដែរ​ ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការចេញ​វិធានការ​បន្តបន្ទាប់​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ដែល​បាន​ចម្លង​មនុស្ស​៩.៣២៦​នាក់​បន្ថែម​ និង​សម្លាប់​មនុស្ស​៩១​នាក់​ កាលពី​ថ្ងៃ​១០​ ខែកក្កដា​ម្សិលមិញនេះ​។​ ហេីយ​វិធានការ​នេះ រួម​មាន៖​ ​បំរាម​គោចរ​ចាប់ពី​ម៉ោង​៩​យប់​ ​ដល់​៤​ភ្លឺ​​។​

ជាមួយគ្នានេះ​ អគ្កមេបញ្ជាការ​កងក​ម្លាំង​ភូមិន្ទ​ថៃ ​ឧ​ត្ត​មេសនី​យ៍ ចា​លឺ​ម​ផូល ស្រ៊ី​សាវ៉ាត បាន​បញ្ជា​ឱ្យ​​ដាក់​កុងត្រូល​៨៨​កន្លែង​ នៅក្នុងទីក្រុង​បាងកក ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការបិទ​ខ្ទប់​មួយ​ផ្នែក​នៅ​ពេល​កុងត្រូល​២២​កន្លែង​ទៀត​ដាក់​នៅ​បណ្តា​ខេត្ត​ជុំវិញ ព្រមទាំង​៣៥​កន្លែង​នៅ​ខេត្ត​ភាគ​ខាងត្បូង​ចំនួន​៤​។​ ​​អគ្កមេបញ្ជាការ​កងក​ម្លាំង​ភូមិន្ទ​ថៃរូបនេះ​ ក៏​បាន​ណែនាំ​ឱ្យ​​អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ​ឱ្យ​មាន​ហ្មត់ចត់​បំផុត​។

ទន្ទឹម​នឹង​នោះ​ អ្នកនាំពាក្យ​កងទ័ព​ថៃ​ ក៏​បាន​លើក​ឡើង​ថា៖​ នរណា​ដែល​បំពាន​ការ​រឹតបន្តឹង​នេះ​នឹង​ប្រឈម​បណ្តឹង ដោយ​ផ្អែក​លើ​ក្រិត​គ្រាអាសន្ន និង​ច្បាប់​ស្តីពី​ជំងឺឆ្លង។​ បន្ថែមពីនេះ​ អ្នកនាំពាក្យ​យោធារូបនេះ បាន​គូសបញ្ជាក់​ថា កងកម្លាំង​សន្តិសុខ​នៅតាម​កុងត្រូល​រួមមាន៖ ទាហាន, ប៉ូលីស​ និង​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​។​ ពួកគេ​ត្រូវបាន​ដាក់ពង្រាយ​តាំងពី​ព្រឹក​ថ្ងៃ​សៅរ៍​មក​ម្ល៉េះ​នៅ​តាម​តំបន់​ខ្មៅ​។

​គួរជម្រាបថា​ បំរាម​គោចរ​ចាប់ពី​ម៉ោង​៩​យប់​ដល់​៤​ភ្លឺ នឹង​ត្រូវ​អនុ​វត្ក​ត​២​សប្តាហ៍​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១២​ ខែក​ក្កដា ស្អែកនេះ​ នៅ​ក្រុង​បាងកក​ និង​ខេត្ត​ចំនួន​៩​ដែល​ត្រូវ​ចាត់ទុក​ជា​តំបន់​ខ្មៅ​។​

​ដោយ​ឡែក​សម្រាប់​ការធ្វើដំណើរ​សមហេតុផល​ជំងឺ​ ក្នុង​ម៉ោង​បំរាម​គោចរ​ត្រូវបាន​អនុញ្ញាត រួម​ទាំង​សកម្មភាព​សំខាន់​ចាំបាច់​ដទៃទៀត មានដូចជា​៖​ ដឹកជញ្ជូន​ទំនិញ ស្បៀង ការផ្គត់ផ្គង់​ថ្នាំពេទ្យ កសិផល ប្រេងឥន្ធនៈ លិខិត​និង​ទំ​​និ​ញ​ប្រៃសណីយ៍​៕ដោយ​៖ស​ តារា​

រូបភាព​៖Reuters និងAP


ចែករំលែក៖