ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ រួចព្យាយាមបើករត់គេចតែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាហើយបានបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ពីរនាក់ រួចហើយព្យាយាមបើករថយន្តរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយបុរសម្នាក់និងរួមដំណើរដោយនារីម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានឆ្លងផ្លូវទៅខាងឆ្វេងដៃ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកនីស្សាន់ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BH 4945 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបានបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកម្ចាស់រថយន្តព្យាយាមបើករត់គេចខ្លួនរហូតដល់ខាងក្រោយបន្ទាយការពារអាកាសកងពលលេខ៩១ ត្រូវប្រជាពលរដ្ឋឃាត់បានរថយន្តប្រគល់ឲ្យសមត្ថកិច្ច  ចំណែកម្ចាស់រថយន្តបានគេចខ្លួនចូលទៅក្នុងផ្ទះបាត់មិនព្រមចេញមកដោះស្រាយនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដើម្បីយករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាពេលក្រោយទៅតាមច្បាប់៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖