ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមានជ័យទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះខ្សែភ្លើងដែលរត់កាត់សំយាបផ្ទះធ្វើឱ្យបែកផ្កាភ្លើងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកធ្វើអន្តរាគមន៍ទាំងយប់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះល្វែងក្រោយបុរីអ័រគីដេ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រជាពលរដ្ឋម្នាក់ដែលមានផ្ទះនៅទល់មុខកន្លែងទុស្សេខ្សែភ្លើងនោះបានឱ្យដឹងថា មុនដំបូងគាត់ឃើញមានអណ្ដាតភ្លើងផ្ទុះឆេះព្រាកៗចេញពីសំយាបផ្ទះនៅខាងមុខ ភ្លាមៗនោះរូបគាត់បានទៅស្រែកប្រាប់ម្ចាស់ផ្ទះឲ្យបើកទ្វារចេញមកមើល ហើយក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់តែមិនរលត់នោះទេ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចសុំឲ្យចុះមកធ្វើអន្តរាគមន៍។ ពេលសមត្ថកិច្ចចុះមកដល់ក៏បានទាក់ទងទៅខាងអគ្គិសនីឲ្យបិទភ្លើង និងបានទាក់ទងទៅសមត្ថកិច្ចកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យមកជួយ។ លុះបន្តិចក្រោយមកមានរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន២គ្រឿង ហើយក៏បានបាញ់ទឹកឲ្យរលត់ទៅវិញនៅវេលាម៉ោង១០និង១០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ។ 

ក្នុងករណីនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿង ដោយមិនបានឆ្លងរាលដាលដល់ផ្ទះអ្នកដទៃនោះទេ។ ចំពោះការខូចខាតគឺខូចខាតខ្សែភ្លើងដែលគេទាញរត់កាត់សំយាបផ្ទះតែប៉ុណ្ណោះ គឺមិនបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះនោះទេ ហើយចំពោះអ្នករងរបួសក៏គ្មានដែរ មូលហេតុគឺឆ្លងចរន្តអគ្គិសនី៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖