ព័ត៌មានទាន់ហេតុការណ៍៖

ឆេះមន្ទីរពេទ្យព្យាបាលកូវីដ-១៩នៅអុីរ៉ាក់ ស្លាប់៥៤នាក់

ចែករំលែក៖

មន្ទីរសុខាភិបាល ខេត្ត Dhi Qar បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ខែកក្កដានេះមានគ្រោះអគ្គិភ័យឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ Al Hussain ស្ថិតនៅក្នុងខេត្តនេះ បណ្តាលឲ្យមនុស្ស៥៤នាក់ស្លាប់។
សារព័ត៌មាន Al Jazeera បានដកស្រង់សម្តីមន្ត្រីខេត្ត Dhi Qar លោក Haydar al-Zamili ដែលបានឱ្យដឹងថា «អណ្តាតភ្លើងឆាបឆេះតំបន់ចត្តាឡីស័កក្នុងមន្ទីរពេទ្យព្យាបាលកូវីដ-១៩ ។ ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ដោយសារតែមានអ្នករងរបួសធ្ងន់ និងជាប់គាំងនៅខាងក្នុងមន្ទីរពេទ្យដែលកំពុងឆាបឆេះ។
នាយករដ្ឋមន្ត្រីអុីរ៉ាក់ លោក Mustafa al-Kadhimi ពេលទទួលបានព័ត៌មានស្តីពីគ្រោះអគ្គិភ័យនេះភ្លាមលោកបានប្រកាសអាសន្នបន្ទាន់នៅខេត្ត Dhi qar ។ លោកបានបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាក៏ដូចជាស្វែងរកពីមូលហេតុដែលបណ្តាលឲ្យឆាបឆេះមន្ទីរពេទ្យ និងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យខាងលើ ។
តាមសារព័ត៌មាន Al Jazeera បានផ្សាយថា នេះមិនមែនជាលើកទីមួយឡើយដែលមន្ទីរពេទ្យព្យាបាលកូវីដ-១៩ រងគ្រោះអគ្គិភ័យ ។ កាលពីខែមេសាកន្លងមក ក៏មានគ្រោះអគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាលកូវីដ-១៩ Ibn Khatib ក្នុងទីក្រុងបាដាដ សម្លាប់មនុស្ស៨២នាក់ និង១១០នាក់រងរបួស ។ មូលហេតុនៃការឆាបឆេះនាពេលនោះគឺដោយសារតែបំពង់អុកស៊ីហ្សែនផ្ទុះ ៕

ដោយ៖ ធីរីណា


ចែករំលែក៖