ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលបារាំងចេញវិធានការទប់ស្កាត់កូវីដ-១៩ កាន់តែតានតឹងដោយខ្លាចវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីវាយប្រហារប្រទេសនេះ

ចែករំលែក៖

នៅក្នុងការខិតខំទប់ស្កាត់ការឆ្លងកូវីដ-១៩ កំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសដើម្បីទប់ស្កាត់កូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta រដ្ឋាភិបាលបារាំង បានចេញវិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត ប៉ះពាល់ដល់សកម្មភាពវប្បធម៌ កម្សន្ត…ចាប់ពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១។
ចាប់តាំងពីថ្ងៃទី២១ខែកក្កដាទៅ ពលរដ្ឋមានអាយុចាប់ពី១២ឆ្នាំឡើងទៅត្រូវតែបង្ហាញលិខិត EU Digital ដែលជាលិខិតទទួលស្គាល់ពីការចាក់វ៉ាក់សំាង ឬលិខិតសុខភាពទើបអាចចូលរួមនៅតាមទីតាំងវប្បធម៌ កន្លែងកម្សាន្ត …ដែលមានមនុស្សលើសពី៥០នាក់ឡើង ។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានប្រកាសថា រោងភាពយន្ត ក្លិបកម្សន្ត រមណីយដ្ឋាន ពិធីបុណ្យ ការប្រគំតន្ត្រី អ្នកដែលចូលរួមគឺត្រូវតែមានកាតសម្គាល់ចាក់វ៉ាក់សាំងរួចរាល់ ។
វិធានការតឹងតែងខាងលើនឹងមិនប៉ះពាល់ដល់មហោស្រពភាពយន្ត Cannes ដែលកំពុងតែដំណើរការ យ៉ាងរលួននោះទេ។ អ្នកដែលចូលរួមចាំបាច់ត្រូវតែមានកាតចាក់វ៉ាក់សាំងរួចរាល់ ឬលិខិតធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោង។
កាតសុខភាពបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកនោះបានចាក់វ៉ាក់សាំង រួចរាល់គ្រប់ចំនួន ។ អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងនឹងត្រូវមានលិខិតបញ្ជាក់ថាបានធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោងមុនពេលចូលទៅកាន់ទីតាំងដែលមានមនុស្សលើសពី១ពាន់នាក់ ។
បារាំងបានលុបច្បាប់រឹតត្បិត ទប់ស្កាត់កូវីដ-១៩ តាំងពីថ្ងៃទី៣០ ខែមិថុនា ហើយលុបច្បាប់បម្រាមគោចរនៅទូទាំងប្រទេស ហើយបើករោងភាពយន្តឡើងវិញ១០០%។
ចាប់ពីដើមខែសីហានេះទៅ នៅតាមក្លិប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម យន្តហោះដឹកអ្នកដំណើរ រថភ្លើង… អ្នកដំណើរគឺត្រូវតែមានកាតសម្គាល់ចាក់វ៉ាក់សាំងឬលិខិតបញ្ជាក់អវិជ្ជមានទើបអាចធ្វើដំណើរ ឬចូលកម្សាន្តនៅទីតាំងផ្សេងៗបាន។
វិធានការថ្មីនេះ ត្រូវបានប្រធានាធិបតីបារាំង លោកម៉ាក្រុង ហៅថា សកម្មភាពរដូវក្តៅ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋក៏ដូចជាការពង្រឹងការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។ កាលពីថ្ងៃទី ១២ខែកក្កដា បារាំងរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ៤២៥៦នាក់ គឺខ្ពស់ជាងកាលពីបីថ្ងៃអាទិត្យដែលមានតែ ២៥៤៩នាក់ប៉ុណ្ណោះ៕

ដោយ៖ធីរីណា(រូបភាព៖ AP)


ចែករំលែក៖