ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវនិងកាំបិតធ្វើសកម្មភាពដេញកាប់បុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

     ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ៤នាក់ប្រដាប់ដោយដាវ និងកាំបិត បានធ្វើសកម្មភាពដេញកាប់បុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ដួលដេកក្នុងថ្លុកឈាមស្ទើរស្លាប់ស្ទើររស់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ ទល់មុខនឹងវត្តសារាវ័នតេជោ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកក្រុមជនសង្ស័យក៏ពុំត្រូវបានស្គាល់ឈ្មោះដូចគ្នា ព្រោះក្រោយបង្កហេតុ ពួកគេបានរត់គេចចេញពីកន្លែងកើតហេតុអស់ទៅ។

ប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ មនុស្សមួយក្រុមមានគ្នាប្រមាណ៤នាក់ ប្រដាប់ដោយដាវ និងកាំបិតបានរត់ដេញកាប់យុវជនម្នាក់តាមដងផ្លូវលេខ១៩ រហូតមកដល់ចំណុចមុខវត្តសារាវ័នតេជោ ជនរងគ្រោះបានរត់ឡើងទៅលើផ្ទះពលរដ្ឋមួយកន្លែងនៅទល់មុខវត្តដើម្បីគេចខ្លួនពីការតាមកាប់ ប៉ុន្តែក្រុមជនសង្ស័យបានរត់ឡើងទៅតាមដល់ជាន់ទី២ ហើយក៏ធ្វើសកម្មភាពកាប់ប្រហារយ៉ាងសន្ធាប់ ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដេកសន្លប់ក្នុងថ្លុកឈាមគួរឱ្យសង្វេគ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ នឹងបានទំនាក់ទំនងទៅកាន់រថយន្តសាមុយដើម្បីមកដឹកជនរងគ្រោះយកទៅសង្គ្រោះ។ ចំណែកឯក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះនោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមជំនាញដើម្បីតាមចាប់ខ្លួន យកមកផ្តន្ទាទោសនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖