ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន និងការរៀន និងការធ្វើតេស្តតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពពី រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន និងការរៀន ព្រមទាំងការធ្វើតេស្តតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំយុវជន យុវជន និងកីឡាខេត្ត បានឱ្យដឹងថា មន្ទីរបានធ្វើការបណ្តុះបណ្តាលបច្ចេកទេស ICT ដល់លោកគ្រូ អ្នកគ្រូនៅតាមសាលាបណ្តាញទាំង១០២ នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្រៀនតាមប្រព័ន្ធ Online តាមស្របតាមបរិបទនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ជូនផងដែរថាកន្លងមក លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀនតាមប្រព័ន្ធ Online របស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សនៅវិទ្យាល័យហ៊ុន សែន ស្ទឹងហាវ និង វិទ្យាល័យ ហ៊ុន សែន វាលរេញ រួចមកហើយ ដោយព្រឹកនេះបន្តចុះត្រួតពិនិត្យវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលជាសាលាបណ្តាញមេទាំងបីនៅក្នុងខេត្តព្រះសីហនុ ក្នុងការជួយបណ្តុះបណ្តាលបច្ចកទេស ICT ដល់លោកគ្រូ អ្នកគ្រូ សម្រាប់សាលាទាំង១០២ ក្នុងខេត្តព្រះសីហនុ។

លោក អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរលោកស្រីប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថ្នាក់ដឹកនាំទាំងអស់ ពិសេសសាលាមេបណ្តាញទាំងបី ដែលបានជួយបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ នៃការបង្រៀនដល់សាលាទាំង១០២ ក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ពិតជាមានមោទនភាពដោយបានឃើញចំនួនសិស្សចូលរៀនតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ មានចន្លោះពី៣០ ទៅ៥០នាក់ ដែលបញ្ជាក់ថាសិស្សានុសិស្សមានការយល់ដឹង និងបានចូលរៀនតាមប្រព័ន្ធ Online កាន់តែច្រើន។ ដូច្នេះលោកគ្រូ អ្នកគ្រូ ត្រូវបន្តជម្រុញលើកទឹកចិត្តសិស្សឱ្យចូលរៀនកាន់តែច្រើនឡើងបន្ថែមទៀត ដោយត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងការលើកកម្ពស់ចំណេះដឹងតាមប្រព័ន្ធបច្ចេកវិជ្ជា ស្របតាមបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ដោយឡែកចំពោះការរៀនតាមបែបប្រពៃណី ត្រូវធ្វើការកែលម្អ ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងមាតាបិតាសិស្សជួយជម្រុញកូនចៅឱ្យរៀនតាមប្រព័ន្ធ Online និងការត្រៀមប្រឡងតេស្តតាមបែបថ្មី តាម Google Form ឱ្យទទួលបានលទ្ធផលល្អគ្រប់សាលាទាំងអស់ក្នុងខេត្តព្រះសីហនុ៕

ដោយ៖ សិលា


ចែករំលែក៖