ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, Facebook សម្តេចតេជោផ្តល់ឱកាសអោយពលរដ្ឋមានមតិយោបល់, លោកលើកឡើងថា, មន្រ្តីរាជការនិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសពេញចិត្តខ្លាំង ដែល សម្តេចតេជោនាយករដ្ឋមន្រ្តីមានផេកផ្លូវការ (page) ដែលមិនត្រឹមតែផ្តល់ព័ត៌មានសកម្មភាពនាយករដ្ឋមន្រ្តីទេ ប៉ុន្តែជាទីបណ្តុំព័ត៌មានចម្រុះដ៏សំខាន់ ហើយក៏ជាកន្លែងផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងមន្រ្តីរាជការបញ្ចេញមតិយោបល់ និងសំណូមពរផ្សេងៗ។
ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ទៅក្រសួង មន្ទីរ ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចនានា គឺត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាននូវមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋក្នុងផេក ហើយត្រូវឆ្លើយតបជាមួយដំណោះស្រាយសមស្របទៅកាន់ប្រជាពលរដ្ឋវិញ។
មួយរយៈមានមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិ យោបល់ លើកជាសំណួរ សំណូមពរ និងបញ្ហាវិវាទដីធ្លីបង្ហោះចូលផេកសម្តេចដើម្បីសុំជំនួយអន្តរាគមន៍យុត្តិធម៍។ មតិយោបល់ (comment) របស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានគេស្តីបន្ទោស គម្រាមបណ្តេញចេញពីការងារ ឬប្តឹងថាជា “បទបរិហាកេរ្តិ៍ និងញុះញុង …ជាដើម។ល។” ហើយមួយចំនួនក៏ត្រូវបានកោះហៅឡើងតុលាការជាបន្តបន្ទាប់ដែលបានធ្វើអោយពួកគាត់ភិតភ័យ អស់ភាពកក់ក្តៅ បាត់បង់ជំនឿទុកចិត្ត និងអស់សង្ឃឹមកាន់តែខ្លាំង។
ដើម្បីអោយដឹងថាមតិយោបល់ឬសំណូមពរមន្រ្តីរាជការ និងពលរដ្ឋសមរម្យ ខុសឬត្រូវ… គួរតែផ្តល់ឱកាសអោយពួកគាត់និយាយ និងបង្ហាញឯកសារភស្តុតាងពិតដោយគ្មានការភ័យខ្លាច។ បើគាត់មិនចេះមិនយល់ដឹងផ្លូវច្បាប់ ត្រូវជួយពន្យល់ណែនាំគាត់អោយបានយល់ និងជួយតម្រង់ផ្លូវអោយគាត់ដើរអោយបានត្រឹមត្រូវ ដោយមិនឆ្លៀតឱកាសធ្វើបាបឬកិបកេងលើគាត់ថែមទៀតឡើយ។
បើពិតជាអាណិតស្រឡាញ់សម្តេចតេជោពិតប្រាកដ គឺត្រូវចេះអាណិតស្រឡាញ់ប្រជាពលរដ្ឋ និង ជួយពលរដ្ឋអោយផុតទុក្ខភ័យពិតប្រាកដ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ ៖ សិលា