ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ប្រគល់គ្រឿងឧបភោគ-បរិភោគ និងសម្ភារការពារកូវីដ-១៩ ជូនរដ្ឋបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអង្គារទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត បាត់ដំបង បន្ទាយមានជ័យ និងព្រៃវែង បាននាំយកគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារកូវីដ ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង តាមរយៈ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សម្រាប់ចែកជូនដល់ក្រុមការងារ និងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គ្រឿងឧបភោគ-បរិភោគ និងសម្ភារ ដែលបានប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង រួមមាន ៖ មី ចំនួន ២០០កេស ត្រីខកំប៉ុង ចំនួន ៥០កេស ជែលសម្លាប់មេរោគ ចំនួន ២០០ដប អាល់កុល ចំនួន ៣០កាន និងម៉ាសការពារ ចំនួន ២០កេស។

ឆ្លៀតក្នុងឱកាសនោះ លោក ងួន រតនៈ ក៏បានអមដំណើរលោក ស សុខា ចុះពិនិត្យដំណើរការចាក់វ៉ាក់ នៅមណ្ឌលចាក់វ៉ាក់សាំងដែលមានទីតាំងនៅបុរីរំចេក សម្រាប់សង្កាត់រតនៈ និងចុះមើលសកម្មភាពយុវជនសសយក ដែលកំពុងមមាញឹកក្នុងការចូលរួមជួយសម្របសម្រួលដល់ការចាក់វ៉ាក់សាំងប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖