ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមទៅបុករថយន្ត​ហ្វដ ពីចំហៀងបណ្ដាលឲ្យរងរបួស​ធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តហ្វដពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង​កាលពីវេលាម៉ោង៩​ និង៤០នាទីយប់ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវលេខ៤៣២កែងនិឹងផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IR-7035 ធ្វើដំណើរយ៉ាងលឿនតាមបណ្ដោយផ្លូវលេខ១០៥​ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្ត​ Ford ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ -7911 បើកបរដោយបុរសម្នាក់​ តាមបណ្ដោយផ្លូវលេខ៤៣២​ក្នុង ទិសដៅពីលិចទៅកើត​ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូដួលរងរបួសធ្ងន់ ចំណែករថយន្តFordក៏រងការខូចខាត​ដែរ តែភ្លាមៗនោះអ្នកបើកបរមិនបានឈប់នៅកន្លែងកើតហេតុនោះទេ​ គឺបើកទៅមុខប្រហែល៣០ម៉ែត្រទេីបឈប់​ ។ 

  ក្រោយកើតហេតុ​ ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលរបួស​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហេីយបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖