ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស សុខា ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន តាមប្រព័ន្ធវីដេអូ Zoom ។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ៖
១. ការផ្សព្វផ្សាយអំពីក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ( ក.យ.គ ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក. ) ។
២. ការស្នើសុំកិច្ចសហការជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំងអស់ ទៅលើការងារ ទី១. ការអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាកលវិទ្យាធិការ និងនាយក ចូលរួមក្នុងគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន នៃ ក.យ.ក នៃ ស.ស.យ.ក. ទី២. ការបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជននីមួយៗ និងការងារមួយចំនួនទៀតទាក់ទងនឹងយុវជន ។
ក្នុងកិច្ចប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន នេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំសមាគម និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ៧៦គ្រឹះស្ថាន ផងដែរ៕
ដោយ ៖ សិលា