ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងទី១៨ ខែកក្កដា !

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងទី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ តែលើកលែងករណីអ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជម្រាបមក លោក ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កម្មវត្ថុ៖ ការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម។ 

យោង ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

ខ្ញុំសូមជម្រាបជូន លោក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចម្លងចូល មកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់ ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួច ហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យ វិលត្រឡប់ទៅប្រទេសវៀតណាមវិញទេក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។ ជាមួយគ្នានេះ សូមលោល សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរ នៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានាដោយអនុវត្តឱ្យបានម៉ឺងម៉ត់ តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ។

វិធានការបណ្តោះអាសន្ននៃការរឹតត្បិតការចូលមកកម្ពុជាដូចដែលមានចែងក្នុងកំណត់ទូត លេខ ៧៣៤ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិធានការផ្សេងៗដែលមានស្រាប់របស់កម្ពុជា នៅជាធរមាន។

សូម លោក ជូនព័ត៌មានទៅអាជ្ញាធរវៀតណាមអំពីសេចក្ដីសម្រេចនេះ តាមការគួរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖