ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១កន្លងមកនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យចំនួន ២នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីក្រោយការស្រាវជ្រាវហើយឃាត់ខ្លួនបានពីបទលួចនិងទទួលផលចោរកម្មនាថ្ងៃទី ១២ ខែកក្កដា។

សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រុំ ភិរក្ស​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ មានទីលំនៅ​ភូមិ១៣មករា​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំបងបានធ្វើសកម្មភាពលួចម៉ូតូចំនួន ១គ្រឿងកាលពីរំលងអធ្រាត្រថ្ងៃទី ០១ ខែ​មិថុ​នា​ ឆ្នាំ​២០២១​ នៅត្រង់ចំ​ណុចក្រុមទី ១៣ ភូមិតាកុក​ ឃុំនរា​ ស្រុកសង្កែ និងទី ២ ឈ្មោះ ឆន​ សួរ​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ មានទីលំនៅខេត្តពោធិ៍សាត់​ មកស្នាក់នៅបណ្តោះអាសន្នក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ជាអ្នកទទួលទិញម៉ូតូ(ទទួលផលចោរ​កម្ម)ពីក្រុមជនសង្ស័យ។

សមត្ថកិច្ចដដែលបានបន្តថា ជនសង្ស័យដែលលួចម៉ូតូបន្ទាប់ពីបានឃាត់ខ្លួនយកមកសួរនាំបានឆ្លេីយសារភាពចំពោះមុខសមត្តកិច្ចជំនាញថា ខ្លួននិងបក្ខពួកម្នាក់ទៀតពិតជាបានធ្វេីសកម្មភាព​លួចយកម៉ូតូមួយគ្រឿង​របស់ជនរងគ្រោះប្រាកដមែន។ ចំណែកឯម្នាក់ជាអ្នកទទួលទិញម៉ូតូក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានទិញម៉ូតូពីចោរម្នាក់នេះ  ក្នុងតម្លៃម៉ូតូ ៣០០ដុល្លារ តែម៉ូតូខាងលើនេះខ្លួនបានលក់បន្តទៅឲ្យអ្នកខេត្តកំពង់ឆ្នាំងបាត់ទៅហេីយ។

ក្រោយមកសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តបាត់ដំបង បានសម្រេចរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ២នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕ 

ដោយ៖ ស សារ៉េត


ចែករំលែក៖