ព័ត៌មានទាន់ហេតុការណ៍៖

បារាំងបានផាកពិន័យក្រុមហ៊ុន Google ៥៩៣ លានដុល្លារសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យបានថា, បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Associated Press កាលពីថ្ងៃអង្គារបានឱ្យដឹងថា និយតករផ្នែកគ្រប់គ្រងការប្រកួតប្រជែងរបស់ប្រទេសបារាំងបានធ្វើការផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន៥៩២ លានដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេរកឃើញថាក្រុមហ៊ុនមិនបានខិតខំប្រឹងប្រែងក្នុងការចចារ ដើម្បីបង់កម្រៃសេវាកម្មទៅឱ្យក្រុមហ៊ុនសារព័ត៌មាននៅក្នុងប្រទេសបារាំង តាមការកំណត់របស់រដ្ឋាភិបាល។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ថា, ភាពចម្រូងចម្រាសនេះគឺ ដោយសារតែប្រទេសជាច្រើននៅសហភាពអឺរ៉ុប និងនៅជុំវិញពិភពលោកបានចាប់ផ្ដើមទាមទារឱ្យក្រុមហ៊ុន Google និងក្រុមហ៊ុនខ្នាតយក្សជាច្រើនទៀតបង់ប្រាក់កម្រៃសេវាកម្មទៅឱ្យក្រុមហ៊ុនសារពត៌មាន នៅពេលដែលពួកគេយកព័ត៌មានទាំងនោះទៅផ្សព្វផ្សាយបន្ត បើទោះបីជាក្នុងលក្ខណៈសង្ខេប (News snippet) ដូចក្រុមហ៊ុន Google បានផ្សព្វផ្សាយក៏ដោយ។

ទន្ទឹមនឹងការផាកពិន័យនេះ អាជ្ញាធរក៏បានគំរាមថានឹងធ្វើការផាកពិន័យជាទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិកក្នុងមួយថ្ងៃប្រសិនបើក្រុមហ៊ុន Google មិនបានធ្វើសំណើជាមួយនឹងក្រុមហ៊ុនសារព័ត៌មានក្នុងរយៈពេលពីរខែនោះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅអាជ្ញាធរបារាំងបាន ដាក់កំណត់រយៈពេល ៣ខែឱ្យក្រុមហ៊ុន Google ធ្វើការពិភាក្សាជាមួយនឹងក្រុមហ៊ុនសាព័ត៌មានដើម្បីដោះស្រាយបញ្ហានេះ ឬក្រុមហ៊ុននឹងរងការផាកពិន័យ៕

ដោយ ៖ សិលា


ចែករំលែក៖