ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Marcus Rashford របស់ Man Utd ខកខានមិនបានបង្ហាញខ្លួន២ខែដំបូងនៃរដូវកាលថ្មីដោយសាររបួស

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករMarcus Rashford ប្រហែលជាមិនអាចលេងរហូតដល់ចុងខែតុលានេះទេ បន្ទាប់ពីសម្រេចចិត្តវះកាត់ស្មារបស់ខ្លួនដែលរងរបួសRashfordវ័យ២៣ឆ្នាំបានធ្វើការស្កេនកាលពីថ្ងៃអង្គារបន្ទាប់ពីរងរបួសគ្រាំដោយបញ្ហានៅពាក់កណ្តាលរដូវកាល ២០២០-២០២១ ។

យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តវះកាត់ ដូច្នេះការសម្រាកអាចនឹងមានរយៈពេល២ខែ ដោយមិនបានបង្ហាញខ្លួនក្នុងដើមរដូវកាលថ្មីនេះទេ។ទោះយ៉ាងណាក៏ដោយគ្រូពេទ្យមិនទាន់សន្និដ្ឋានច្បាស់លាស់នៅឡើយទេពីស្ថានភាពស្មារបស់គាត់

គេបានរំពឹងទុកថា Rashford នឹងត្រូវអវត្តមានរយៈពេល១២សប្តាហ៍ដែលវានឹងក្លាយជារឿងដ៏គួរឱ្យបារម្ភចំពោះលោក Ole Gunnar Solskjaerគ្រូបង្វឹករបស់ក្រុម Man United សម្រាប់ការចាប់ផ្តើមយុទ្ធនាការថ្មីនេះ។

ដំណឹងនេះត្រូវបានលេចចេញនៅថ្ងៃដែលមិត្តរួមក្រុមរបស់ Rashfordកីឡាករ Jadon Sancho បានពិនិត្យសុខភាពរួចរាល់ ខណៈដែលការផ្លាស់ប្តូរក្នុងតម្លៃ៧៣លានផោនរបស់គាត់ទៅកាន់ Man United ពីក្លិប BorussiaDortmund កាន់តែខិតជិតមកដល់។

Rashford រកបាន១១គ្រាប់ក្នុង៣៧ប្រកួតនៅ Premier League កាលពីរដូវកាលមុន ប៉ុន្តែមិនបានបង្កផលប៉ះពាល់អ្វីច្រើនទេសម្រាប់ការលេងឲ្យជម្រើសជាតិអង់គ្លេសនៅ Euro ២០២០នោះទេ។

កីឡាកររូបនេះបានបង្ហាញខ្លួនចំនួន៥ដងសម្រាប់ប្រទេសរបស់គាត់នៅក្នុងការប្រកួត ប៉ុន្តែបានខកខានក្នុងការស៊ុតបាល់ប៉េណាល់ទីនៅពេលដែលប្រទេសអុីតាលីផ្តួលក្រុមអង់គ្លេសដឹកនាំដោយលោក Gareth Southgate លើបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូ

Rashford រួមជាមួយ Sancho និង Bukayo Saka ដែលបានខកខានការទាត់បាល់ប៉េណាល់ទីផងនោះបានទទួលការរំលោភបំពានជាតិសាសន៍នៅលើបណ្តាញសង្គមបន្ទាប់ពីការប្រកួតផងដែរ ផ្ទាំងគំនូរមួយរបស់Rashford នៅ Withington ទីក្រុង Manchester ក៏ត្រូវបានគេធ្វើឱ្យខូចខាតផងដែរ។

ការខូចខាតត្រូវបានជួសជុលហើយកាលពីថ្ងៃអង្គារមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទីនោះ។ មនុស្សបានទុកសារគាំទ្រ និងសាមគ្គីរាប់រយនៅផ្ទាំងគំនូរ។

កាលពីថ្ងៃចន្ទ Rashford បានចេញសេចក្តីថ្លែងការណ៍សុំទោសចំពោះការខកខានទាល់បាល់ប៉េណាល់ទីរបស់គាត់ ប៉ុន្តែបាននិយាយថាគាត់នឹងមិនសុំទោសចំពោះអ្នកដែលរើសអើងជាតិសាសន៍ឡើយ។សេចក្តីថ្លែងការណ៍បានបន្ថែមថា ខ្ញុំមានរដូវកាលដ៏លំបាកខ្ញុំគិតថាវាច្បាស់សម្រាប់អ្នករាល់គ្នាដែលបានឃើញ ហើយខ្ញុំប្រហែលជាបានឈានដល់វគ្គផ្តាច់ព្រ័ត្រដោយខ្វះទំនុកចិត្ត

ដោយ៖ ភារៈ(រូបថត ៖ BBC Sport)


ចែករំលែក៖