ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កម្ពុជាជាប្រទេសបោះជំហានទៅមុខ ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ នៅប្រទេសកម្ពុជា និងពិភពលោក។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកលហើយពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពាន ក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្នុងនោះ កម្ពុជាជាប្រទេសដែលបោះជំហានទៅមុខក្នុងការចួលរួមចំណែក សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា ក៏ដូចជាពិភពលោកផងដែរ»។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ក៏បានធ្វើការកោតសរសើរ ចំពោះការដឹកនាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានបំពេញតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មការពារកុមារកម្ពុជា បានយ៉ាងល្អប្រសើរ ជាពិសេសនោះ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ព្រមទាំងបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិជាច្រើនដែលមានជាធរមាន។
សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារ ក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារទាំងឡាយ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីកុមារទទួលបាននូវសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៕
ដោយ ៖ សិលា