ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ៖ ការរីកចម្រើនបច្ចេកវិទ្យាព័ត៌មាន ជំរុញការលូតលាស់ខាងសេដ្ឋកិច្ច និងជំរុញទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយបណ្ដាប្រទេសក្នុងពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ព័ត៌មាន បានជំរុញការរីកលូតលាស់ការងារនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាធ្វើឱ្យកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បី បង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥» នាព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមក្នុងបដិវត្តឧស្សហកម្ម៤.០ ដោយផ្តោតជាពិសេស លើវិស័យបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់ជាមធ្យោបាយសម្រាប់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចយ៉ាងមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានជំរុញដល់ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលធ្វើឱ្យកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង។ ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំង ការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឲ្យវិស័យបច្ចេកវិទ្យាព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ ទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ»។ 

សម្ដេចក្រឡាហោម បន្ថែមថា សកលភាវូបនីយកម្ម នៃបច្ចេកវិទ្យា និងព័ត៌មាន គឺជាមធ្យោបាយដ៏ស័ក្តិសិទ្ធមួយ ដែលធ្វើឲ្យប្រទេសជាតិទាំងឡាយ និងប្រជាជននៅលើពិភពលោកបានខិតជិតគ្នា និងអាចទំនាក់ទំនងសហការគ្នាយ៉ាងល្អប្រសើរ។ 

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុង អវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រឹដ្ឋជនឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍ ដោយបង្កើតឱ្យមាន ការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មី មួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជា ផងដែរ»។ 

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ទៀតថាដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍សកម្មភាពសកល (WePROTECT) ដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលជាសកលនៅទីក្រុងអាប៊ុយដាប៊ី កាលពីឆ្នាំ២០១៥ ដែលមានក្រសួងមហាផ្ទៃជាតួអង្គសម្របសម្រួល៕

ដោយ ៖ សិលា


ចែករំលែក៖