ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងសូមកោតសរសើរចំពោះប្អូនៗ ក្មួយៗ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការជួយសម្របសម្រួលដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ អញ្ជើញទទួលការចាក់វ៉ាក់សាំងតាមមូលដ្ឋាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។
លោកបន្តថា, សកម្មភាពរបស់ប្អូនៗ ក្មួយៗនេះ គឺជាការរួមចំណែកដ៏សំខាន់ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសសបញ្ជាក់ឲ្យឃើញពីទឹកចិត្តស្រលាញ់ប្រជាពលរដ្ឋ និងប្រទេសជាតិពិតៗ ជាធនធានយុវជនដ៏ល្អ និងស័ក្តិសមជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ ។
ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗទាំងអស់ សូមបន្តនូវបេសកកម្មដ៏មានសារសំខាន់នេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។
សូមថ្លែងអំណរគុណ និងជូនពរប្អូនៗ ក្មួយៗទាំងអស់ មានសុខភាពល្អ រៀនពូកែ ជោគជ័យក្នុងជីវិត និងបានចៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា ។
សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមលទ្ធភាព និងដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាល ៕
ដោយ ៖ សិលា