ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង ការដាក់ចេញនូវវិធានការរដ្ឋបាល ផ្អាកជាបណ្ដោះអាសន្នសកម្មភាពអាជីវកម្មលក់ដូរអាហារ -ភេសជ្ជៈ គ្រឿងស្រវឹង អាហារដា្ឋន ភោជនីយដ្ឋាន ហាងកាហ្វេក្នុងចន្លោះចាប់ពីម៉ោង ៨ (ប្រាំបី)យប់ ដល់ ម៉ោង ៥ (ប្រាំ)ភ្លឺ និងការជួបជុំពិសាអាហារ-គ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ប្រការ ១.…ត្រូវបានផ្អាកជាបណ្ដោះអាសន្នសកម្មភាពអាជីវកម្មលក់ដូរអាហារ-ភេសជ្ជៈ គ្រឿងស្រវឹង អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេក្នុងចន្លោះចាប់ពីម៉ោង ៨ (ប្រាំបី)យប់ ដល់ម៉ោង ៥ (ប្រាំ)ភ្លឺ ក្នុងភូមិសាស្ត្រនៃ ខេត្តស្ទឹងត្រែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ករណីផ្អាកនេះត្រូវបានលើកលែងចំពោះការលក់ដូរអាហារ ភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹងនៅ តាមផ្ទះ ឬទីតាំងអាជីវកម្ម ជាលក្ខណៈវេចខ្ចប់ និងគោរពតាមវិធានការសុខាភិបាល ជាពិសេស គឺវិធានការ ៣ការពារ និង ៣កុំ ដើម្បីកាត់បន្ថយបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ប្រការ ២.…ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវរាល់សកម្មភាពការជួបជុំប្រមូលផ្តុំពិសាអាហារ និងគ្រឿងស្រវឹង គ្រប់ប្រភេទនៅគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ប្រការ ៣…ការអនុវត្តវិធានការពិន័យអន្តរការណ៍ចំពោះបុគ្គល ឬនីតិបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុង ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវអនុលោមតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងប្រកាសអន្តរក្រសួងលេខ ១០៤៥ ប្រក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសេចក្តីសម្រេចលេខ ០៣៦/២១ សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
ប្រការ ៤…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៥…នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ -អង្គភាពក្នុងខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សុខ ខេមរា