ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកអីវ៉ាន់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង រួចអូសម៉ូតូធ្លាក់ចូលប្រឡាយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៥០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងជាប់នឹងផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1A- 0320 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ លុះបើកមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ

ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E- 6281បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិញដៅបញ្ច្រាសគ្នាពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹងរួចអូសម៉ូតូធ្លាក់ចូលប្រឡាយបណ្តាលឲ្យរងការខូចខាតរថយន្តនិងម៉ូតូយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖