ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចម្រុះចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកជីក្រែង និងស្រុកស្វាយលេី

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២១ លោក​ ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារទទួលបន្ទុកនិងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកជីក្រែង និងស្រុកស្វាយលេី ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលស្រុកជក្រែង លោកអភិបាលស្រុកស្វាយលេី ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារស្រុកចុះពិនិត្យទីតាំង និងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជុំវិញទីតាំង ដែលជាបរិវេណសម្រាប់រៀបចំកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋជំហានពីរដែលរស់នៅតាមបណ្តាស្រុកជីក្រែង និងស្រុកស្វាយលេី។  

សូមបញ្ជាក់ផងដែរថា ក្រុមការងារចម្រុះបានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅដែលរស់នៅស្រុកទាំងពីររួមមាន ៖

-ស្រុកជីក្រែងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តស្វាយលេី

-ស្រុកស្វាយលេីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតក្នុងបរិវេណសាលាបឋមសិក្សាក្របីរៀល។ ដោយឡែកស្រុកដទៃទៀតក្រុមការងារនឹងរៀបចំជាបន្តបន្ទាប់ទៀតនិងជូនដំណឹងនៅពេលក្រោយ។ 

សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទាំងពីរជំហាន គឺពុំមានគិតថ្លៃអ្វីទាំងអស់ ម្យ៉ាងទៀត មុនពេលបងប្អូនទៅចាក់វ៉ាក់សាំងសូមទំនាក់ទំនងជាមួយមេភូមិ ឬឃុំដើម្បីទទួលបានឯកសារសម្រាប់ចាក់វ៉ាក់សាំងនៅតាមភូមិ ឃុំដែលបងប្អូនរស់នៅ។ 

  រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការក្នុងការអនុវត្តនូវវិធានការខាងលើឱ្យខ្ជាប់ខ្ជួន ដើម្បីសណ្តាប់ធ្នាប់របៀបរៀបរយ និងជៀសវាងការឆ្លងជំងឺជាយថាហេតុ ម្យ៉ាងវិញទៀតក៏ដូចជាការការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសការកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីយើងរស់រានមានជីវិតដូចកាលពីមុន។

#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក 

#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល

#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖