ខេត្តកំពង់ស្ពឺ៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើមួយខ្នង និងសម្ភារ:ប្រើប្រាស់អស់ស្ទើរទាំងស្រុង ដោយសារបុរសជាម្ចាស់ផ្ទះដែលជាប្ដីជាអ្នកដុតក្នុងពេលផ្ទុះជម្លោះជាមួយប្រពន្ឋ។
ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុបុរសជាប្តីចិត្តភ្លើងរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមដែរ។
សាក្សីអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុពួកគាត់ឮសំឡេងឈ្លោះគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះខាងលើដោយមិនដឹងរឿងអ្វីនោះទេ?លុះបានមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយចេញពីក្នុងផ្ទះមកខាងក្រៅបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងបានរាយការណ៍ជូនទៅ សមត្ថកិច្ចចុះមកជួយអន្តរាគមន៍និង បានបាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ។ ប៉ុន្តែសោកស្តាយដោយផ្ទះនិងទ្រព្យសម្បត្តិមួយចំនួនធំត្រូវភ្លើងឆាបឆេះគ្មានសល់។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបង្កហេតុត្រូវជាប្ដីមានឈ្មោះ ជួន កក្កដា(ហៅង៉ែត) ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ភ្លាមៗ ខណ:ប្រពន្ធកូនបានត្រឹមទ្រហោរយំសម្លឹងមើលផេះផង់ផ្ទះខ្វះជម្រកស្នាក់នៅ និងខូចខាតទ្រព្យសម្បត្តិជាច្រើននោះ៕
ដោយ ៖ ប្រាថ្នា