ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា យោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រចាំការនៅតាមគោលដៅនីមួយៗ របស់ខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣ករណី ។
រដ្ឋបាលក្រុងប៉ៃលិន ក៏បានចុះបិទខ្ទប់ធនាគារកាណាឌីយ៉ា រយ:ពេល១៤ថ្ងៃផងដែរ ដោយគិតចាប់ពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ក្រោយពេលរកឃើញបុគ្គលិកម្នាក់វិជ្ជមានជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ។
យោងតាមសេចក្តីប្រកាសរដ្ឋបាលខេត្ត៖ អ្នកកើតជំងឺកូវីដ-១៩ ដែលក្រុមគ្រូពេទ្យរកឃើញទាំង០៣នាក់ មានអត្តសញ្ញាណដូចខាងក្រោម ៖
ទី១. ឈ្មោះ កែវ ចាន់ធី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នកដំណើរមកពីខេត្តកណ្តាល ។
ទី២. ឈ្មោះ តឿម អូន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិល្បើក ឃុំរុន ស្រុកពួក ខេត្តសៀមរាប ពលករមកពីប្រទេសថៃ ។
ទី៣. ឈ្មោះ ឈិន លីង (Chen Ling) ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចិនធ្វើដំណើរមកពីខេត្តព្រះសីហនុ ។
រដ្ឋបាលខេត្តប៉ៃលិន ក៏សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ ខាងលើ សូមតាមដានសុខភាពជាប្រចាំ បើស្ថិតក្នុងករណីសង្ស័យ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬ មណ្ឌលសុខភាព ដែលនៅជិតបំផុត រៀងរាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាក។
អាជ្ញាធរខេត្តក៏អំពាវនាវឱ្យសាធារណជនចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ(៣ការពារ ) គឺពាក់ម៉ាស់នៅគ្រប់ទីសាធារណ: លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា ធនាគារកាណាឌីយ៉ា មួយកកន្លែង ស្ថិតនៅក្នុងភូមិប៉ាហ៉ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន.ត្រូវបានរដ្ឋបាលក្រុងប៉ៃលិនបានដឹកនាំកម្លាំងនិងក្រុមការងារចុះបិទខ្ទប់(ចត្តាឡីស័ក)រយ:ពេល១៤ថ្ងៃ ដោយគិតចាប់ពីព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ដោយបុគ្គលិកធ្វើការធនាគារកាណាឌីយ៉ាម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ។
លោក អភិបាលក្រុងបានមានប្រសាសន៍បន្តថា ត្រូវតែឱ្យបុគ្គលិកទាំងអស់របស់ធនាគារកាណាឌីយ៉ា ត្រូងតែធ្វើការតាមដានសុខភាពរបស់ខ្លួន គ្រប់ពេលវេលា ក្នុងខ្លួនមានករណីមិនស្រួលខ្លួន ត្រូវតែប្រញ៉ាប់ទៅមន្ទីរពេទ្យដើម្បីឲ្យពិនិត្យសុខភាពជាបន្ទាន់ ៕
ដោយ៖ ស សារ៉េត