ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀងចំនួន ៥គ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀងចំនួន៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៥.០០០.០០០រៀល។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមរំលែកទុក្ខដល់គ្រួសារសព និងបានបញ្ជាក់ផងដែរថា ការរៀបចំផ្ដល់ជូនថវិការបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់បំផុតនិងជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់សមាជិកគ្រួសារ សាច់ញាតិជាទីគោរពស្រលាញ់ដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត នឹងបន្តរៀបចំថវិការបស់សម្តេចតេជោប្រគល់ជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តស្វាយរៀងជាបន្តបន្ទាប់ទៀត។

លោកបានបន្ថែមទៀតថា ក្រោមការគិតគូរនិងយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀងបាននិងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីបង្កើតភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺ ដែលជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ហើយទោះបីមានការឆ្លងក៏អ្នកជំងឺមិនមានអាការធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់ជីវិតនោះដែរ។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមកទទួលសេវាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានៅតាមទីតាំង និងពេលវេលាដែលអាជ្ញាធរមូលដ្ឋានបានកំណត់ និងសូមចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើងពីជំងឺកូវីដ-១៩៕

ដោយ៖ យឹម សុថាន


ចែករំលែក៖