ខេត្តកំពង់ចាម ៖ បើយោងតាមរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចំការលើចាប់ពីអាយុ ១៨ ឆ្នាំឡើង ប្រមាណជាង ៤មុឺននាក់ ដោយឥតគិតថ្លៃ។
សូមជម្រាបជូនថា, ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
គូសបញ្ជាក់ថា ក្នុងយុទ្ធនា កាការជំហាន ៣ នៃការផ្តល់ការចាក់ វ៉ាក់សាំង ការពារជំងឺ កូ វីដ-១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ចាប់ពីអាយុ១៨ឆ្នាំឡេីងទៅគឺបានប្រារព្ធធ្វើឡើងព្រមគ្នានៅតាមបណ្តាស្រុកចំនួន ៤ ផ្សេងទៀត រួមមាន៖ ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន លើផែនការគ្រោងរបស់រដ្ឋរបាលខេត្តកំពង់ចាម ក្នុងជំហាន៣ នឹងធ្វើការចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណជា ៤០មុឺននាក់។
សូមបញ្ជាក់ថា, យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១២នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកបាធាយ ០៥នាក់, ស្រុកចំការលើ ០៨នាក់ស្រុកកងមាស ០៣នាក់, ស្រុកស្រីសន្ធរ ០៦នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកជើងព្រៃ ១៣នាក់, មកពីខេត្តកំពង់ធំ ០១នាក់ខេត្តត្បូងឃ្មុំ ០១នាក់ និងខេត្តកណ្តាល ០២នាក់ ក្នុងថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២១ ៕
ដោយ ៖ សិលា