ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលអមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី បានចុះត្រួតពិនិត្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងកំពុងឈរជើងប្រចាំការការពារព្រំដែន នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ស្ថិតនៅ ឃុំសំពៅពូន ស្រុកកោះធំ ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តអោយបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីសំណើសុំអនុសាសន៍ដឹកនាំអំពីវិធានការនានា ក្នុងការពង្រឹងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ ព្រំដែនដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការសម្រួលនូវការដឹកជញ្ជូនទំនិញកសិផលឆ្លងកាត់ព្រំដែន។
-សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់។
-សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា ។
ស្ថិតក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងថវិកាដើម្បីឧបត្ថម្ភដល់ បញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ៦០៥ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ភូមិភាគពិសេស តំបន់សឹករងខេត្ត កងការពារព្រំដែនលេខ៦០១ កងរាជអាវុធហត្ថខេត្ត អធិការដ្ឋាននគបាលស្រុកកោះធំ អធិការដ្ឋាននគរបាលស្រុកលើកដែក សរុបមានអង្ករ ១៨,៤តោន មី ៦៣០កេស ត្រីខកំប៉ុង១០០យួរ ទឹកសុទ្ធ៤៣៥កេស អាល់កុល ៨កាន ម៉ាស៤កេស និងថវិកាចំនួន ៣៦,៤៥០,០០០រៀល(សាមសិបប្រាំមួយលាន បួនរយហាសិបពាន់រៀល)៕
ដោយ ៖ សិលា