ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ ៖ ការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ក្នុងខេត្តកំពង់ធំ នៅតែបន្តមានគួរអោយព្រួយបារម្ភ សូមបន្តចូលរួមទាំងអស់គ្នា កុំភ្លេច ៣ការពារ ៣កុំ !

ចែករំលែក៖

ខេត្តកំពង់ធំ៖ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបន្ដផ្អាកជាបណ្ដោះអាសន្ន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារគ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

បើតាមការបញ្ជាក់ពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១  គឺរដ្ឋបាលខេត្ត សម្រេច : 

ប្រការ១…ត្រូវបន្តអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ ដែលមានថិរវេលាអនុវត្តរយៈពេល ២(ពីរ)សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

ប្រការ២…ត្រូវបន្តផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមផ្សារ ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មផ្នែកអាហារ -ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹងទាំងអស់។

ប្រការ៣..ត្រូវបន្តផ្អាកជាបណ្ដោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទាន គ្រឿងស្រវឹងគ្រប់ប្រភេទ និងការប្រមូលផ្តុំ ឬការជួបជុំគ្នាច្រៀង ឬរាំកម្សាន្ត។

ប្រការ៤..ត្រូវបន្តផ្អាកជាបណ្ដោះអាសន្នការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈនៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។

ប្រការ៥..បុគ្គល ម្ចាស់ ឬអ្នកគ្រប់គ្រងផ្សារម៉ាត ភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន តូបអាហារ ហាងកាហ្វ ហាងភេសជ្ជៈ ដេប៉ូចែកចាយគ្រឿងស្រវឹង អាជីវករ និងសាធារណជន ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារនៃ ប្រការ១ ដល់ប្រការ៤ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ តាមសេចក្ដីសម្រេចលេខ ០៤៦/២១សសរ ចុះថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

 ប្រការ៦..បទបញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្ត ដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៧..នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាល ក្រុង/ស្រុកទាំង០៩ មន្ទីរ/អង្គភាពជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖