ភ្នំពេញ ៖ នៅត្រីមាសទី២នេះ កំណើនសេដ្ឋកិច្ចរបស់ចិន រីកចំរើនយឺតដោយអ្នកប្រើប្រាស់នៅស្ទាក់ស្ទើរក្នុងការចំណាយ និងបណ្តាក្រុមហ៊ុនកំពុងប្រឈមនឹងការឡើងថ្លៃវត្ថុធាតុដើម។ នេះបេីតាមទិន្នន័យផ្លូវការសេដ្ឋកិច្ចរបស់ចិន បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។
ទិន្នន័យដដែល បានបន្ថែមទៀតថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នេះ បានងើបចេញយ៉ាងលឿនពីការធ្លាក់ចុះបង្កឡើងដោយកូវីដ១៩កាលពីឆ្នាំមុន តែល្បឿនរបស់វាបានថយចុះនៅត្រីមាសទី២ ដោយសកម្មភាពផលិតកម្មតាមរោងចក្រយឺតទៅនិងសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ក៏ស្ទុះឡើងយឺតជាងការរំពឹងទុក។
ដោយឡែកការិយាល័យស្ថិតិជាតិ បានលើកឡើងថា កំណើនរបស់ចិនខាងផលិតផលសរុបក្នុងស្រុក(GDP)មានចំនួន៧,៩ភាគរយក្នុងអំឡុងពេលពីខែមេសាដល់មិថុនា ដោយទាបជាងកំណើនកាលពីបីខែដើមឆ្នាំដែលមានចំនួន ១៨,៣ភាគរយ។
ប៉ុន្ដែទោះជាយ៉ាងណា ការិយាល័យស្ថិតិជាតិ បានបន្ថែមថា សេដ្ឋកិច្ចចិន បានបន្ត«រើបរើថេរ»នៅឆមាសទី១នៃឆ្នាំ២០២១នេះ តែបាននិយាយបែបប្រយ័ត្នប្រយែងថា៖ «មានភាពមិនប្រាកដប្រជាមកពីខាងក្រៅជាច្រើន ព្រមទាំងការរើបរើសេដ្ឋកិច្ចក្នុងស្រុកមិនថេរផងដែរ»។ ការិយាល័យនេះ បានបន្ថែមថា «នៅត្រូវការកិច្ចខិតខំច្រើនទៀតដើម្បីពង្រឹងគ្រឹះសំរាប់ការរើបរើនិងការអភិវឌ្ឍមានលំនឹង»៕
ដោយ៖ សហការី