ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៥ ក្រុង ស្រុកហើយដែលបានទទួលការចាក់វ៉ាក់ សាំងការពារជំងឺCovid-19 ក្នុងនោះមានក្រុងចំនួន០២ គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ត្រូវបានបិទការចាក់វ៉ាក់សាំងដោយឡែកស្រុកចំនួន០២ មានស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជាបណ្តើរៗបានរយៈពេល០២ថ្ងៃមកហើយដែរ ដោយចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២១នេះ ។
នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នេះដែរ ក្រុមគ្រូពេទ្យចល័តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់យោធភូមិភាគទី៥ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនព្រះសង្ឈ មន្ត្រីរាជការ និងប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅស្រុកម៉ាឡៃ សរុបចំនួន៥.៧៣៩នាក់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ មានទីតាំងនៅវត្តរតនៈម៉ាឡៃ ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ មានប្រជាពលរដ្ឋមកពី៣ឃុំ គឺឃុំអូរស្រឡៅ ឃុំបឹងបេងនិងឃុំម៉ាឡៃ ។ លុះព្រឹកនៅថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះនឹងបន្តចាក់ជូនព្រះសង្ឈ មន្ត្រីរាជការ និងប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន៣ឃុំទៀត មាន ឃុំទួលពង្រ ឃុំ អួរសំព័រនិងឃុំតាគង់ ក្នុងស្រុកម៉ាឡៃ ដែលបានរៀបចំទីតាំងចាក់នៅក្នុងវត្តឡងខង ស្ថិតក្នុងភូមិកោះស្នួល ឃុំ ទួលពង្រ ។
ក្នុងដំណើរចុះត្រួតពិនិត្យអំពីសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់នោះដែរ លោក រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានណែនាំដល់កងកម្លាំងនគរបាលស្រុកម៉ាឡៃ ត្រូវសហការជាមួយបណ្តាកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាននិងក្រុមការងាររបស់គ្រួពេទ្យឲ្យបានល្អ ធ្វើយ៉ាងណាត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ មានរបៀបរៀបរយ ដោយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំងទាំងអស់ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាតពីគ្នាឲ្យបាន១,៥០ម៉ែត្រ និងចូលរួមការរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ជៀសវាងការកកស្ទះ ដើម្បីងាយស្រួលដល់ដំណើរនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះប្រព្រឹត្តទៅដោយរលូននិងឆាប់រហ័ស ។
ម្យ៉ាងវិញទៀតចំពោះបងប្អូនដែលទទួលបានការចាក់វ៉ាក់សាំងលើកទី១ឬទី២ រួចហើយ ត្រូវគោរពតាមការណែនាំផ្ទាល់របស់គ្រូពេទ្យ ពិសេសគឺគោរពឲ្យបានខ្ជាប់ខ្ជួនពីវិធានការការពាររបស់ក្រសួងសុខាភិបាលត្រូវមានអនាម័យ ពាក់ម៉ាស់ លាងដៃនិងសាប៊ូឬជែល និងអនុវត្តវិធានការ៣ការពារនិង៣កុំ របស់រាជរដ្ឋាភិបាលយើង៕
ដោយ ៖ វណ្ណា