ភ្នំពេញ៖ «មន្រ្តីឌីជីថលក្រសួងកិច្ចការនារី មានទាំងចំណេះ បំណិន និង ចរិយា មន្រ្តីរាជការក្រសួងកិច្ចការនារីគឺជាពលរដ្ឋឌីជីថល របស់កម្ពុជា» ។
Slogan នេះមាននៅក្នុងវគ្គបណ្តុះបណ្តាលស៊េរីលើកទី២ «ចំណេះដឹងជាមូលដ្ឋាន និងឧបករណ៍ប្រើប្រាស់សម្រាប់ ដំណើរការកិច្ចប្រជុំ ឬសិក្ខាសាលា តាមប្រព័ន្ធអនឡាញ» ដែលដឹកនាំសម្របសម្រួលដោយលោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ។
វគ្គបណ្តុះបណ្តាលនេះមាន អ្នកចូលរួម សរុប ៩១ នាក់ ស្រ្តី ៦០នាក់ ជាមន្រ្តីវ័យក្មេង ក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងមន្ទីរកិច្ចការនារី រាជធានី ខេត្តទាំង ២៥។
វាគ្មិនអញ្ជើញមកពី អង្គការ ACCESS មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីវ័យក្មេងក្រសួងកិច្ចការនារី បានរួមគ្នាចែករំលែកចំណេះដឹងនិងបច្ចេកទេស ស្តីពីការបង្កើត និងប្រើប្រាស់ Zoom Meeting, Zoom Webinar, Microsoft Team, Google-Meet និងឧបករណ៍សំខាន់ៗសម្រាប់ប្រើប្រាស់ ក្នុងប្រព័ន្ធឌីជីថលរួមមាន google form, QR Code, google drive រួមទាំងការអនុវត្តសាកល្បង ដែលអាចឱ្យ អ្នកចូលរួមទាំងអស់កាន់តែមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការយកចំណេះដឹងទាំងនេះ ទៅអនុវត្តក្នុងការបំពេញការងារប្រចាំថ្ងៃក្នុងអង្គភាពរបស់ខ្លួន។
ន័យសំខាន់គឺ ! «យុវជនក្នុងដំណើរឆ្ពោះទៅមុខក្នុងសង្គមឌីជីថល» ៕
ដោយ៖ សិលា